ព័ត៌មានជាតិ

រថយន្តនីសាន់ បើកបុកបុរសម្នាក់ស្លាប់ លោកមេប៉ុស្តិ៍បឹងកក់១ ហាមមិនឲ្យអ្នកកាសែត ថតសពជនរងគ្រោះ ក្នុងរថយន្តសង្គ្រោះបន្ទាន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បានបណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង១០ និង០៥នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ កែង៥៦៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ លៀត លឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបជាងកាត់ដេខោអាវម៉ូត ស្នាក់នៅផ្សារ៧មករា ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តព្រៃវែង។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញរថយន្តម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-8344 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចស្តុបទួលគោក បានបត់ឆ្វេង មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1G-4305 ជិះដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដួលបោកផ្ទប់និងថ្នល់ រងរបួសធ្ងន់។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវររថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ប៉ុន្តែបានដាច់ខ្យល់ស្លាប់ តាមផ្លូវ ទើបរថយន្តដឹកត្រលប់មកចំណុចកើតហេតុវិញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ខណៈអ្នកបើករថយន្ត មិនបានរត់គេចទៅណាទ្បើយ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត។

សូមបញ្ជាក់៖ ករណីនេះដែរ អំទ្បុងពេលអ្នកកាសែត កំពុងថតសពជនរងគ្រោះ ដើម្បីផ្សព្វផ្សាយ រកសាច់ញាតិគាត់នោះ ស្រាប់តែលោកមេប៉ុស្តិ៍បឹងកក់១ បានប្រើសម្ដីមិនសមរម្យទៅលើអ្នកសារព័ត៌មាន ដោយនិយាយថា «អ្នកឯងមកពីណា មានសិទ្ធអី ទៅបើកទ្វារថយន្តសាម៉ុយ ដឹកសពថត ប្រយ័ត្នបាត់របស់មានតម្លៃរបស់គេ» តើអ្នកកាសែត ពុំមានសិទ្ធិទេឬ ក្នុងការថតទិដ្ឋភាព គ្រោះថ្នាក់ចរាចរណ៍លើផ្លូវសារធារណៈនោះ ហើយភាសារបស់លោក ចង់វាយតម្លៃចំពោះអ្នកកាសែត យ៉ាងដូចម្ដេច? សូមជួយពិចារណាផង៕

មតិយោបល់