សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាននិងពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរកឃើញថា កម្មសិទ្ធិករ និងអ្នកបើកបររថយន្តម៉ាក Mazda ពាក់ផ្លាកលេខ នគរបាល 2-2355 ដែលបានចតនៅចំណុចជិតរបងវត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបនោះ គឺលោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យ នៃស្នងការនគរបាលខេត្តសៀមរាប។
បន្ទាប់ពីទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក្រុមការងារអនុវត្តវិន័យ នៃស្នងការដ្ឋាន បានកោះហៅសាម៉ីខ្លួនខាងលើមកធ្វើការបំភ្លឺ ក្នុងនោះលោកអនុសេនីយ៍ទោ សាង រ៉ាយូ បានបញ្ជាក់ថា លោកពិតជាបានបើកបររថយន្តពាក់ផ្លាកលេខនគរបាលខាងលើនោះពិតប្រាកដមែន គឺបើកបរចេញពីកន្លែងហូបចុកជាមួយមិត្តភក្កិ ក្នុងស្ថានភាពស្រវឹង ទើបលោកសម្រេចចិត្តចតរថយន្តនៅចំណុចខាងលើដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃ។
បន្ទាប់ពីការបំភ្លឺ ជំនាញបានយកទឹកនោមសាមីខ្លួនខាងលើ ដើម្បីទៅពិនិត្យវិភាគស្វែងរកសារធាតុញៀន។ ក្នុងករណីដែលលទ្ធផលនៃការពិនិត្យខាងលើវិជ្ជមាន ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងឈានដល់ការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិបន្ថែមទៀតផង។
ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារពត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យើងខ្ញុំសូមអំពាវនាវសូមបងប្អូនកុំធ្វើការសន្និដ្ឋានវាយតម្លៃដោយខ្វះមូលដ្ឋានស៊ើបបញ្ជាក់ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋាននោះ មានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័ន។
មតិយោបល់