ព័ត៌មានជាតិ

ផ្អើលយប់មិញ! ផ្ទុះអាវុធតដៃ រវាងសមត្ថកិច្ច ជាមួយជនសង្ស័យជាច្រើនគ្រាប់ ក្នុងករណីបង្ក្រាបគ្រឿងញៀន នៅកោះពេជ្រ

ភ្នំពេញៈ ជនសង្ស័យជាជនបរទេសចំនួន ២នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីផ្ទុះអាវុធ តដៃជាមួយកម្លាំងសមត្ថកិច្ចជាច្រើនគ្រាប់ ក្នុងករណីបង្ក្រាបគ្រឿងញៀន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងកោះពេជ្រ ត្រង់ចំណុចខុនដូយីហោ (ដាយមិនវន័) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យម្នាក់ ភេទប្រុសជាជនជាតិចិន និងស្ត្រីម្នាក់ទៀត ជាជនជាតិថៃ ត្រូវបានឃាត់ខ្លួន រួចជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃអគ្គស្នងការនគរបាលជាតិ បានបើកធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ដោយជំហានដំបូង កម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសជាជនជាតិចិន នៅខណ្ឌជ្រោយចង្វា ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ បន្ទាប់ពីឃាត់ខ្លួនបុរសខាងលើរួច កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃអគ្គស្នងការនគរបាលជាតិ បានសាកសួររហូតឈានមកដល់ ការបើប្រតិបត្តិការបង្ក្រាបនៅក្នុងកោះពេជ្រ ត្រង់ចំណុចខុនដូយីហោ (ដាយមិនវន័) នៅជាន់ទី៧ ក៏សម្រុកចូលទៅក្នុងបន្ទប់ជនសង្ស័យ ហើយបានឃាត់ខ្លួនស្ត្រីជាជនជាតិថៃម្នាក់ នៅពេលនោះ ស្រាប់តែបក្ខពួកជាជនសង្ស័យម្នាក់ទៀត ដែលនៅក្នុងបន្ទប់ជាមួយ បានទាញកាំភ្លើងបាញ់សំដៅមកលើកម្លាំងសមត្ថកិច្ចជាច្រើនគ្រាប់ ទើបសមត្ថកិច្ច សម្រេចបាញ់តដៃវិញ ដើម្បីរំដោះខ្លួន ព្រមទាំងឃាត់ស្ត្រីម្នាក់ យកចុះមកក្រោមញាត់ចូលក្នុងរថយន្តផងដែរ។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីបាញ់តដៃ មួយសន្ទុះ ស្រាប់តែបក្ខពួកជនសង្ស័យ បានទាញ់កាំភ្លើងវែងស្រដៀង AK47 ចេញមកក្រៅបម្រុងរំដោះបក្ខពួកខ្លួនថែមទៀត ទើបសមត្ថកិច្ច បានសុំជំនួយពីថ្នាក់លើ ដោយមានការចុះបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នងការរង ក៏ដូចជាកម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការរាជធានី ចុះទៅកន្លែងកើតហេតុ ទើបអាចឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ យកមកសួរនាំ តាមនិតីវិធីច្បាប់៕

មតិយោបល់