សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ តាមស្វែងរកជនសង្ស័យ និងចាប់ខ្លួនបាននៅវេលាម៉ោង ១២ និង៣០នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិក្ស័យ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ ចោម យួន អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំបានអោយដឹងថា កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២០ វេលាម៉ោង ១៤និង00 នាទី មានករណីហិង្សាដោយចេតនា កើតហេតុនៅចំណុចភូមិតាកួយ ឃុំគោល ស្រុកអង្គរជុំ បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ឈឿម ឆេន ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិ តាកួយ ឃុំគោល ស្រុកអង្គរជុំ បានធ្វើ សកម្មភាពយកកំណល់ឈើវាយទៅលើជនរងគ្រោះ ឈ្មោះ លឿម គា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិគោកក្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះកំពុងដេកលើអង្រឹង បណ្ដាលអោយបែកក្បាលរបួសធ្ងន់ និងបានបញ្ជូនមកកាន់មន្ទីរពេទ្យ។ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដោយចេតនាលើជនរងគ្រោះមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
មតិយោបល់