ព័ត៌មានជាតិ

មុខសញ្ញាប្រុសស្រីករណីទម្លាក់យោងយ៉ាងសកម្មអស់ល័ក្ខត្រូវបានកម្លាំងនគរបាលក្រុងសំរោងតាមក្របួចជាប់

ឧត្ដរមានជ័យ : ដោយមានការចោលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី នៅចំណុចផ្សារសំរោង ស្ថុិតក្នុងភូមិ-សង្កាត់-ក្រុងសំរោង មានកើតករណីដាក់ថ្នាំសណ្តំ ឆរបោកយកខ្សែកមាស ១ខ្សែ, ចិញ្ចៀន ១វង់ និងប្រាក់រៀល ៣៨,០០០រៀល(ទំលាក់យោង) ដែលបង្ករឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ៖
•ទី១-ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួនបាន) ។
•ទី២-ឈ្មោះ ស សំអឿន ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) ។
•ទី៣-ឈ្មោះ ណា (មិនស្គាល់ត្រកូល) ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (គេចខ្លួនបាត់) ។
•ទី៤-ឈ្មោះ ប្រុស (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភ្នំពេញ (គេចខ្លួនបាត់) ។
ជនរងគ្រោះឈ្មោះ សែ ស៊ីវ៉ូ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមប្រភពព័ត៌មាន នៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០ ម៉ោងប្រហែល ០៨និង៣០នាទី ក្នុងពេលជនរងគ្រោះកំពុងដើរក្នុងផ្សារសំរោង ស្រាប់តែមានឈ្មោះ ស សំអឿន បានមកនិយាយពីក្រោយខ្នងថា៖ ជ្រុះបាត់លុយភ្លាមនោះក៏មានឈ្មោះ ប៊ុន ភិត បានមកខ្សឹបជនរងគ្រោះថា៖ គាត់រើសបានលុយច្រើនណាស់ កុំប្រាប់គេ មកតាមមក យើងចែកគ្នា ។ បន្ទាប់មកជនសង្ស័យក៏បាននាំជនរងគ្រោះចេញពីផ្សារសំរោង ដោយឈ្មោះ ប៊ុន ភិត ជិះម៉ូតូឌុបនៅក្រោយផ្សារ (ជាបក្សពួកជនសង្ស័យ) ។ ចំណែកឯជនរងគ្រោះបើកម៉ូតូDream(ម៉ូតូផ្ទាល់ខ្លួន) និងដឹកឈ្មោះ ណា ទៅឈប់នៅចំណុចលូរទី១ តាមផ្លូវកៅស៊ូខាងលិចត្រពាំងស្នោរ ហើយបានឲ្យជនរងគ្រោះដោះខ្សែកមាស ០១ខ្សែ ទម្ងន់ ៥ជី, ចិញ្ចៀនមាស ១វង់ ទម្ងន់ ២.៥ជី និងប្រាក់រៀលចំនួន ៣៨,៥០០រៀល ដាក់ក្នុងថង់ពណ៌ខៀវ រួចយកទៅទុកក្នុងកន្ត្រកយួរមានពណ៌ក្រហម ។ ក្នុងពេលនោះជនសង្ស័យឈ្មោះ ប៊ុន ភិត បានឲ្យគ្រាប់សំណដែលដាក់ក្នុងថង់ក្រណាត់ពណ៌ក្រហម ទៅជនរងគ្រោះ ។ បន្ទាប់មកឈ្មោះ ស សំអឿន ក៏បានបើកម៉ូតូមកដល់ ហើយឈ្មោះ ប៊ុន ភិត និងឈ្មោះ ណា ក៏បានឡើងជិះម៉ូតូចេញទៅ ។ ឃើញដូច្នោះជនរងគ្រោះ ក៏បើកម៉ូតូដេញតាមពីក្រោយ ពេលនោះក៏មានបក្សពួកជនសង្ស័យ(មនុស្សប្រុស)បានបើកម៉ូតូមករាំងផ្លូវជនរងគ្រោះ ។ ដោយឃើញសភាពមិនស្រួល ហើយនឹកឃើញថា ចាញ់បោកគេ ជនរងគ្រោះក៏ស្រែកឲ្យគេជួយ ។

ក្នុងពេលនោះដោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ និងកងកម្លាំងអន្តរាគមន៍អធិកាដ្ឋានក្រុងសំរោង បានចេញប្រតិបត្តិការ និងឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ និងដកហូតបានវត្ថុតាងរួមមាន ៖ ម៉ូតូ ១គ្រឿង ម៉ាកDream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AA-1600, លុយខ្មែរ ១ចំនួន, គ្រាប់សំណ ១ថង់, គ្រឿងអលង្កាក្រឡៃ ០១ចំនួន ។
-ទ្រព្យសម្បត្តិជនរងគ្រោះមាន៖ ខ្សែកមាស ១ខ្សែ, ចិញ្ចន ១វង់, ប្រាក់រៀលចំនួន ៣៨,៥០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់