ព័ត៌មានជាតិ

បុរសម្នាក់ អ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងមានការឆ្វេសប្រហែសបង្កឲ្យមនុស្ស៥នាក់ស្លាប់ និង៤នាក់របួស នៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងអាវុធហត្ថ បញ្ជូនទៅសាលាដំបូង

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងមានការឆ្វេសប្រហែស បណ្តាលឲ្យមនុស្សចំនួន៥នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ជនសង្ស័យដែលបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន៩នាក់នៅក្រុងប៉ោយប៉ែត ឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបូរី (ដឹផាកស៊ីធីប៉ោយប៉ែត)មានការធ្វេសប្រហែសបណ្ដាលឱ្យគ្រឿងចក្រផ្ងារជើង ហើយដងសន្ទូចបានបាក់រលំសង្កត់បូរី នឹងហួសទៅសង្កត់លើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ នៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រឿងចក្រដងសន្ទូចកំពុងស្ទូចជញ្ជាំងបេតុងដែលមានបណ្តោយប្រវែង៥ម៉ែត្រ៤ជ្រុង កម្រាស់ប្រហែល១០សង់ទីម៉ែត្រ បានផ្ងារជើងម្ខាង បណ្តាលឲ្យដងសន្ទូចនោះបានបាក់សង្កត់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងផ្ទាំងបេតុងបានធ្លាក់សង្កត់មនុស្សចំនួន៩នាក់ស្រី ក្នុងនោះបានស្លាប់៥នាក់ភ្លាមៗនៅនឹងកន្លែង និងរបួសធ្ងន់សា្រល ចំនួន៤នាក់ ក្រោយពីកើតហេតុកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងធ្វើការចាប់ឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រស្ទូចនេះភ្លាមៗយកមកកន្លែងបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបានបំពេញសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់