ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងផឹកស៊ី ចាក់ធុងបាស់ បង្កសំទ្បេងរំខាន ជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ ចុះបញ្ឈប់ និងធ្វើការណែនាំអប់រំ ។
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានលឿន ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ជាពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ។
ស្របតាមការណែនាំនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មិនថាថ្ងៃ ឬយប់ តែងតែតាមដាន និងដោះស្រាយរាល់ការរាយការណ៍ តាមរយៈសារសរសេររបស់ប្រជាពលរដ្ឋជានិច្ច ដោយធ្វើការសហការ ជាមួយអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ។
ទោះជាមានការផ្សព្វផ្សាយជាប្រចាំនៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាការចុះអនុវត្តជារៀងរាល់យប់ ដើម្បីបញ្ឈប់ ណែនាំ អប់រំ រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំទ្បេងរំខានដែលមិនអាចឲ្យអ្នកជិតខាងសម្រាកបាន យ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបង្កបញ្ហានេះ ។
សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ត្រូវចេះគោរពសិទ្ធិអ្នកដ៏ទៃ ក៏ដូចជាការចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំផឹកស៊ីសប្បាយ ដើម្បីសហការគ្នាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងដាលវីរុសកូវីដ ១៩៕
មតិយោបល់