កំពង់ឆ្នាំងៈ កុមារាសិស្សសាលា៣នាក់ ជិះកង់មួយគ្រឿងមកពីសាលារៀន រវល់ប្រឡែងគ្នាភ្លេចមើលផ្លូវក៏ធ្លាក់ចូលក្នុងទឹកអូរ ដែលកំពុងហូរខ្លាំង លង់ទឹកស្លាប់២នាក់ ម្នាក់ទៀតស្រវាតោងមែកឈើជាប់ឡើងមកលើគោកវិញ រួចផុតពីសេចក្ដីស្លាប់ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានស្វាយអាត់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក សំ សុខា នាយប៉ុស្តិ៍នគរបាលជ្រៃបាក់ បានឲ្យដឹងថា កុមារារងគ្រោះទី១ឈ្មោះ ជា ថានិត អាយុ៩ឆ្នាំ។ ទី២ឈ្មោះ យុន ណារ៉ុង អាយុ១០ឆ្នាំ គេទាំង២បានលង់ទឹកស្លាប់ និងទី៣ឈ្មោះ រុន វិរៈ អាយុ១០ឆ្នាំ បានរួចជីវិត ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះកង់មួយគ្រឿងឌុបគ្នា៣នាក់ ចេញពីសាលារៀនបឋមរស្មីសាមគ្គី ស្ថិតនៅខាងលិចភូមិ ធ្វើដំណើរមកផ្ទះវិញ។ ក្នុងពេលធ្វើដំណើរប្រហែលជាពួកគេប្រឡែងគ្នាលេងនៅលើកង់ លុះដល់ចំណុចកើតហេតុក៏ស្រាប់តែធ្លាក់ទឹកទាំងកង់ ទាំងមនុស្ស ចូលក្នុងអូរដែលមានទឹកកំពុងហូរខ្លាំងតែម្តង។ ក្នុងហេតុការណ៍នេះកុមារាឈ្មោះ យុន វិរៈ បានស្រវាតោងមែកឈើក្នុងអូរជាប់ឡើងមកលើគោកវិញ ហើយបានរត់ទៅប្រាប់ឪពុកម្តាយនៅឯផ្ទះ ដោយឡែកកុមារា២នាក់ទៀតបានលិចក្នុងទឹកលង់ស្លាប់។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើនអ្នកបាននាំគ្នា ចុះរាវរកកុមាររងគ្រោះ នៅកន្លែងកើតហេតុអស់ជាង៣ម៉ោងតែរកពុំឃើញ ឃើញតែកង់កុមារងគ្រោះ។ ក្រោយមកក្រុមគ្រួសារកុមាររងគ្រោះបានសម្រេចចិត្តជួលជនជាតិវៀតណាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រើប្រាស់ម៉ាស៊ីនខ្យល់មុជរាវរកសពកុមាររងគ្រោះក្នុងតម្លៃ១៥០ដុល្លារ ដោយប្រើរយៈពេលជិត២ម៉ោង គឺនៅម៉ោង១និង២០នាទីរសៀល ទើបរកឃើញសពកុមារាម្នាក់ឈ្នោះ យុន ណារ៉ុង នៅក្រោមចំណុចកើតហេតុប្រមាណជាង២០០ម៉ែត្រ។ ដោយឡែក ក្រុមវៀតណាម មុជទឹកកំពុងមុជរាវរកសពកុមាររងគ្រោះម្នាក់ទៀត។ ចំណែកសពកុមាររងគ្រោះ ដែលគេរកឃើញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ តែសូមបញ្ជាក់ផងដែរថា ខណៈដែលរកឃើញសពរបស់កូន ស្ត្រីម្នាក់ជាម្តាយ ក៏បានយំស្រែករហូតដល់សន្លប់ ហើយត្រូវបានអ្នកស្រុកសែងយកទៅផ្ទះផងដែរ៕










មតិយោបល់