ព័ត៌មានជាតិ

កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា ឃាត់ខ្លួនជនជាតិចិនម្នាក់ តាមសំណើរបស់ស្ថានទូតចិន ពីបទមនុស្សឃាតនៅប្រទេសចិន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ យោងតាមបញ្ជាពី ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ តាមសំណើរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទ មនុស្សឃាតនៅប្រទេសចិន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង០៥នាទី។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាតិចិន ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨។ ជននេះត្រូវបានឃាតខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤ ផ្លូវ១១១ កែង១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្ភារដកហូតរួមមាន៖១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ២-Ipad ចំនួន០១គ្រឿង,៣-វ៉ាលី ចំនួន០២វ៉ាលី, ៤-ចិញ្ចៀន(ពណ៌លឿង) ចំនួន១៧វង់, ៥-កាបូបខ្មៅ ចំនួន០១កាបួប (គ្មានអីវ៉ាន់), ៦-អត្តសញ្ញាណប័ណ្ណចិន ចំនួន០២សន្លឹក, ៧-កាតធនាគារចិន ចំនួន១០សន្លឹក,៨-កាតទូរស័ព្ទ ចំនួន០២សន្លឹក។

បច្ចុប្បន្នជនជាតិចិនខាងលើ និងសម្ភារដកហូត ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

មតិយោបល់