ព័ត៌មានជាតិ

សំណង់ផ្ទះល្វែងសង់ជាប់ខ្សែកាបភ្លើង ឆក់កម្មករស្លាប់ម្នាក់នៅសង្កាត់ចោមចៅ១

ភ្នំពេញៈ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ សាច់ញាតិមិនអស់ចិត្ត ហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបាន ភ្លាមៗមេការព្យាយាមឲ្យកម្មករដឹកសាកសពយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន ។

សាកសពជនរងគ្រោះមានឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមសម្តីកម្មករដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណៈដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរងគ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗ ផ្អើលកម្មករនាំគ្នាសែងកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យ នៅមិនអាចសង្គ្រោះអាយុជីវិតបាន ។ ដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់បញ្ជាឲ្យកម្មករទាញរនាំស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសាកសព បញ្ជាបង្ខំឲ្យកម្មករ សាច់ញាតិដឹកចេញ ក្នុងបំណង់គេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកជាបណ្តោះអាសន្ន រងចាំនគរបាលជំនាញ អាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យជាមុនសិន ។

បើតាមមតិមហាជននៅកន្លែងកើតហេតុ បានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភ សង់ជាប់កៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ រហូតដល់កម្មករ ធ្វើការងារជួបគ្រោះថ្នាក់បាត់បង់ជីវិត ទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពាក់ មេត្តាជួយពិនិត្យឡើងវិញ ព្រោះថាសំណង់សង់ជិតរួចរាល់ទៅហើយ នៅឡើយតែភូមិ សង្កាត់ មិនរាយការណ៍ ។

សាកសពក្រោយកើតហេតុ ប្រពន្ធមកដល់បានត្រឹមស្រែកទ្រហោរយំ ទាំងក្តីសោកសៅ ទុក្ខវិប្បដិសេរីក្នុងគ្រួសារ ហើយរងចាំជំនាញពិនិត្យ កោសល្យវិច័យមុននឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

មតិយោបល់