ព័ត៌មានជាតិ

Update៖ ជាងគ្រឿងចក្រម្នាក់ ជិះម៉ូតូទៅយកម៉ូទ័រស្វាន ត្រឡប់មកវិញ ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ: ជាងគ្រឿងចក្រវ័យក្មេងម្នាក់ ជិះម៉ូតូទៅយកម៉ូទ័រស្វាន ត្រឡប់មកវិញ ស្រាប់តែត្រូវរថយន្តបុកស្លាប់ នៅកណ្តាលផ្លូវយ៉ាងអាណោចអធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង ១០នាទី រសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចលើផ្លូវជាតិលេខ៦អា កែងផ្លូវចូលទៅឆៀកយានយន្ត ក្នុងភូមិបាក់ខែងលើ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចន្លោះស្ពានលេខ៣ និងលេខ៤។

ជនរងគ្រោះឈ្មោះ គីម ហេង
ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម ស្នាក់នៅធ្វើគ្រឿងចក្រនៅម្តុំស្ពានលេខ១ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានជិះម៉ូតូម៉ាកToday ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HL 6599។

ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទស្ទូច ពាក់ផ្លាកលេខ ភ្នំពេញ 2X 8591 បើកដោយបុរសម្នាក់ បានគេចខ្លួនចេញពីកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ ខាងលើ បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦អា។ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តបង្ក បានបើពីត្បូងទៅជើងបត់ស្តាំ បុកម៉ូតូ បណ្តាលឱ្យស្លាប់អ្នកបើកម៉ូតូតែម្តង។

ភ្លាមៗនោះតៃកុងរថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ម៉ូតូ និងសាកសពនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ ត្រូវបានមេរបស់ខ្លួន ប្រើឱ្យទៅយកម៉ូទ័រស្វាន នៅម្តុំស្ពានលេខ៦ ដោយជិះម៉ូតូខាងលើ ទៅយក តែមិនឃើញត្រឡប់មកវិញ យូរពេកទើបមេក៏ប្រើប្រពន្ធជិះម៉ូតូតាមរកមើល។ ពេលជិះមកដល់កន្លែងកើតហេតុ ឃើញមនុស្សជុំៗឆ្ងល់ ក៏ឈប់ម៉ូតូមើលស្រាប់តែឃើញកូនចៅរបស់ខ្លួន ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទង ជំនាញមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បី ដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រកកំណើត៕

មតិយោបល់