ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ យកកំប៉ុងស្រាបៀរគប់កញ្ចក់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ធំ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសៅរ៍ ៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏ បានប្រើប្រាស់វិធានការជំនាញ ឃាត់ខ្លួនជនសង្ស័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ។

យោងតាមប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃខែខាងលើ វេលាម៉ោងប្រមាណ ១៥ និង ៣០នាទី ចំណុចលើផ្លូវលំភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគប់កញ្ចក់រថយន្ត បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់៖

១.ឈ្មោះ ផុន ភុំ ភេទប្រុស អាយុ ២០ ឆ្នាំនៅភូមិឈូកខ្សាច់ ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍។
២.ឈ្មោះ ឈឿន ហាង ភេទប្រុស អាយុ ១៩ ឆ្នាំនៅភូមិដូនតុំ ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ និងម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1X- 5709 ។

ចំណែករថយន្តខូចខាតមានចំនួន ០២គ្រឿង៖
១.ម៉ាក ហ៊ីយ៉ាន់ដា ពាក់ផ្លាកលេខ ភ្នំពេញ 3E-9512 ដឹកគ្រឿងចក្រ បើកបរដោយឈ្មោះ វ៉ាត សុវណ្ណ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខូចខាតឆ្កូតកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង។
២.ឡេវីឡឺ(គៀដី)ម៉ាកLG បើកបរដោយឈ្មោះ កែវ រ៉ាភី ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅភូមិ បល្ល័ង្ក ឃុំ គោកឬស្សី ស្រុក បាគង ខេត្ត សៀមរាប។

តាមសភាពរឿងហេតុ បានឱ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះ កែវ រ៉ាភី បើកឡេវីឡឺ កៀរដីធ្វើផ្លូវ នៅចំណុចកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ វ៉ាតសុវណ្ណ បើករថយន្តដឹកគ្រឿងចក្រ។ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ ជិះម៉ូតូ ០១គ្រឿងម៉ាក់C125 ពណ៌ ស មកពីក្រោយហើយ បើកម៉ូតូវ៉ា រថយន្ត រួចបានគប់កញ្ចក់រថយន្ត (គប់នឹងកំប៉ុងស្រាបៀរមានទឹកពេញ) បណ្ដាលឲ្យឆ្កូតកញ្ចក់ខាងមុខ ផ្នែកខាងឆ្វេង បន្ទាប់មកជនសង្ស័យទាំង ០២នាក់ ជិះម៉ូតូ ទៅធាក់កង់ឡេវីវឡឺ ដែលកំពុងបើកកៀរដីតាមផ្លូវ រួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចេញអន្តរាគមន៍ និងប្រើប្រាស់វិធានការជំនាញ រហូតដល់ម៉ោង ១៧ និង ២០ នាទីថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ ខាងលើ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់