ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណុះ ហ្វារីតា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង ដាវកែច្នៃប្រវែង៥០សង់ទីម៉ែត្រចំនួន០១ដើម។
លោកអធិការបន្តថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០ នឹង៣០នាទី ជនរងគ្រោះឈ្មោះ ណុះ ហ្វារីតា ភេទស្រី អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1II-5040 ចេញពីផ្ទះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីទៅលេងផ្ទះឈ្មោះ សំ ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ (ត្រូវជាបងស្រីធម៌របស់ជនរងគ្រោះ) ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើ តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូងដល់ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះ ក៏បានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវជាតិលេខ៣ ដើម្បីនិយាយឆាតជាមួយបងស្រី ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ មាស វិសាល ហៅ ប៉ាលី ភេទប្រុស អាយុ២៣ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ផ្លាកលេខកណ្តាល 1PC-1714 មានលេខតួ និងលេខម៉ាស៊ីន117619 ទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ រិន ណារ័ត្ន ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក OPPO របស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងត្បូង ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញ តាមពីក្រោយស្រែកថាចោរៗ ចៃដន្យក៏មានកម្លាំងសមត្ថកិច្ច កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ភ្លាមៗ ដេញតាមពីក្រោយជនសង្ស័យបានចម្ងាយ៣០០ម៉ែត្រ ជនរងគ្រោះ ក៏បានបើកម៉ូតូបុកម៉ូតូរបស់ជនសង្ស័យពីក្រោយ បណ្តាលឱ្យដួលម៉ូតូទាំង ០២គ្រឿង រួចសមត្ថកច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ១-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ផ្លាកលេខ កណ្តាល1PC-1714 មានលេខតួ និងលេខម៉ាស៊ីន 117619 ចំនួន០១គ្រឿង ២/ដាវកែច្នៃប្រវែង៥០សង់ទីម៉ែត្រចំនួន០១ដើម យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវីធីច្បាប់ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ មាស វិសាល បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាច្រើនលើកថែមទៀត រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យទាំង០២នាក់ខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់