កំពត-កែបៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅក្នុងផ្សារក្តាម ខេត្តកែប។
ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើបង្គា ចំនួន ២៣ តូប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ៣៩ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ ក្នុងការដុតកម្ទេចនេះដែរ មានការចូលរួមពីឯកឧត្តមអភិបាលខេត្តកែប និងសម្របសម្រួលដោយលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់