ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណី​វាយ​យុវជន​ម្នាក់ ​បណ្តាលឲ្យរងរបួសធ្ងន់​

កណ្ដាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ បាន​ជិះ​ម៉ូតូឌុប​គ្នា​ ​រួច​យក​ដំបង​វាយ​ទៅ​លើ​យុវជន​ម្នាក់ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ បណ្ដាល​ឲ្យ​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​រង​របួសធ្ងន់​ កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៦​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១១០​ ក្នុងភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សា​ឃី​ វ៉ា​ន់​សូត្រ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​ (​របួស​ក្បាល​ផ្នែក​ខាងក្រោយ​)​។​ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​(​ឃាត់ខ្លួន​)​ ទី​១.​ ឈ្មោះ​ ប៊ុ​ង​ ម៉េ​ង​ហុង​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​:​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ (​ដៃដល់​)​ និង​ទី​២.​ ឈ្មោះ​ ផេង​ លី​ហេង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​:​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ​ ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង​ ខេត្តកណ្តាល​ (​អ្នក​បើក​ម៉ូតូ​)​។​

​ ប្រភព​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ជន​រង​គ្រោះ​ឈ្មោះ​ សា​ឃី​ វ៉ា​ន់​សូត្រ​ បាន​ជិះ​ម៉ូតូ​ មួយ​គ្រឿង​ ម៉ាក​គុប​ជ្រុង​ ពណ៌​ខៀវ​ ធុន​សេ​៥០​ ជាមួយ​ឈ្មោះ​ ហាក់​ ហា​គី​ម​ និង​មិត្តភក្ដិ​២​ម៉ូតូ​ផ្សេង​ទៀត​ មាន​គ្នា​ប្រាំ​នាក់​ ចេញពី​រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន​ ស្ថិត​នៅ​ភូមិ​ឫស្សី​ជ្រោយ​ ឃុំ​ស្វាយ​ប្រទាល​ ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​ឈ្មោះ​ ហាក់​ ហា​គី​ម​ ជា​អ្នក​ឌុ​ប​ឈ្មោះ​ សា​ឃី​ វ៉ា​ន់​សូត្រ​ ។​

​លុះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ ភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ (​ឈ្មោះ​ ប៊ុ​ង​ ម៉េ​ង​ហុង​ និង​ឈ្មោះ​ ផេង​ លី​ហេង​)​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ជិះ​តាម​ពីក្រោយ​ រួច​បាន​យក​ដំបង​ឈើ​ ទំហំ​ប៉ុនកដៃ​ក្មេង​ មាន​ប្រវែង​ប្រហែល​ជិត​មួយ​ម៉ែត្រ​ វាយ​ទៅ​លើ​ឈ្មោះ​ សា​ឃី​ វ៉ា​ន់​សូត្រ​ ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ បណ្តាល​ឲ្យ​របួសធ្ងន់​ រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​ឯ​មន្ទីរពេទ្យ​ រាជធានី​ភ្នំពេញ​ ។​

​បន្ទាប់​ពី​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​ទទួល​បាន​ព័ត៌មាន​ខាងលើ​ ភ្លាម​នោះ​ក៏​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ ធ្វើការ​ស្រាវជ្រាវ​ រហូត​កំណត់​មុខសញ្ញា​បាន​ ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ មក​ធ្វើការ​សាកសួរ​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​ ​ហើយ​ដំបង​ដែល​ពួក​ខ្លួន​យក​ទៅ​ធ្វើ​សកម្មភាព​នោះ​ បាន​បោះចោល​នៅ​ក្នុង​ព្រែក​តា​ឃុ​ត​ ដែល​មានទឹក​ហូរ​ ។​ ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់