ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក SCOOPYi ពណ៌ខ្មៅ ផ្លាកលេខ តាកែវ 1T-6008 កាលពីវេលាម៉ោង ៧និង២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទះ (ម៉ាយហ្វមស្ពត) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉ៅ ថល ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចតម៉ូតូក្បែរតារាងបាល់ ហើយចូលលេងបាល់ ពេលកំពុងលេង ជនសង្ស័យបានធ្វើសកម្មភាពយកម៉ូតូជិះចេញទៅ ស្រាប់តែម្ចាស់ម៉ូតូដឹងខ្លួនទាន់ស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះចាប់ខ្លួនបានភ្លាមៗ រួចក៏សុំអន្តរាគមន៍ពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យតែម្តង។

ដកហូតវត្ថុតាង៖
១.ម៉ូតូចំនួន០១ គ្រឿងម៉ាក SCOOPYi ពណ៌ខ្មៅ ផ្លាកលេខ តាកែវ 1T-6008 (ម៉ូតូជនរងគ្រោះ)។
២.ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក iPhone6។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់