ព័ត៌មានជាតិ

របាំងសាច់អួនក្រឡាញឹកបិទភ្ជិតព្រែក៨របាំង ឈរបង្អួតរាងក្នុងដែនអភិរក្សឡូស្តីពាក់កន្ទេល

កំពង់ឆ្នាំងៈ របាំងសាច់អួនក្រឡាញឹក ដែលជនល្មើស បានដាក់បិទភ្ជិតព្រែកក្នុងតំបន់អភិរក្សឡូស្តីពាក់កន្ទេល ត្រង់ចំណុចទំនាបចុងតាគង់ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ចំនួន៨របាំងកំពុងឈរបង្អួតរាងក្នុងទឹក ដោយមិនទាន់ឃើញសមត្ថកិច្ចជំនាញរដ្ឋបាលជលផលសង្កាត់បរិបូណ៍ ចុះរុះរើ ឬបង្ក្រាបនៅឡើយ ដែលករណីនេះប្រជានេសាទលក្ខណៈគ្រួសារបានស្នើសុំឲ្យលោកនាយខណ្ឌរដ្ឋបាលជលផល ពន្លឿនការរុះរើរបាំងទាំងនោះចេញផង ព្រោះក្នុងរដូវត្រីពងកូននេះ ពូជមេត្រីគ្រប់ប្រភេទមិនអាចចរាចរណ៍ចូលទៅពងកូនក្នុងដែនជម្រកព្រៃលិចទឹកតំបន់នោះបានឡើយ។

ក្រោយពីប្រជានេសាទ បានរាយការណ៍ប្រាប់ពីបទល្មើសកើតមានក្នុងតំបន់អភិរក្សខាងលើ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមអ្នកសារព័ត៌មានមួយក្រុមបានចុះទៅដល់ចំណុចខាងលើ គឺបានពើបប្រទះនឹងបទល្មើសរបាំងសាច់អួនក្រឡាញឹកដែលត្រូវបានគេដាក់កាត់ភ្ជិតព្រែកក្នុងតំបន់អភិរក្សចំនួន៨របាំង និងពុំទាន់ឃើញសមត្ថកិច្ចជំនាញចុះទៅបង្ក្រាប ឬរុះរើចេញនៅឡើយទេ។

ដោយឡែកប្រជានេសាទបានសំណូមពរថា សុំឲ្យថ្នាក់លើជួយមើលលោក ឈឹម បាន ជាមន្ត្រីរដ្ឋបាលជលផលដែលបានឈរជើងការពារតំបន់អភិរក្សឡូស្តីពាក់កន្ទេលនោះផង ព្រោះក្នុងការគ្រប់គ្រងការពាររបស់លោក ឈឹម បាន បទល្មើសដូចជា របាំងសាច់អួនខុសច្បាប់ ការកាប់បំផ្លាញដើមព្រៃឈើលិចទឹកធំៗ ការដាក់សំរាស់កើតឡើងមិនចេះអស់ក្នុងដែនអភិរក្សមួយនេះធ្វើឲ្យពូជត្រីគ្រប់ប្រភេទមានការថយចុះ។

ចំណែកលោក ឈឹម បាន ឲ្យដឹងនៅវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះថា លោកមិនបានដឹងថាមានរបាំងសាច់អួនក្រឡាញឹក កើតឡើងក្នុងតំបន់អភិរក្សជាដែនសមត្ថកិច្ចលោកការពារនោះទេ តែលោកក៏ពុំទាន់ប្រាកដថាទីនោះជាតំបន់អភិរក្ស ឬមិនមែន គឺលោកនឹងសុំឲ្យថ្នាក់លើមកចុចGPSកំណត់ដែនឲ្យច្បាស់លាស់ តែបើមានបទល្មើសមែនលោកនឹងចាត់ការភ្លាម។

ពាក់ព័ន្ធនឹងករណីខាងលើលោក កង ចាន់ដារិន ជានាយសង្កាត់រដ្ឋបាលជលផលបរិបូណ៍មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទលោក ទូរស័ព្ទចូលតែគ្មានអ្នកទទួល។

ចំពោះលោក ប្រាក់ លាងហួរ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ លោកបានបញ្ជាឲ្យកំលាំងសង្កាត់ និងផ្នែកចុះទៅរុះរើម្តងរួចមកហើយ ហើយនៅថ្ងៃស្អែកលោកនឹងដឹកនាំកម្លាំងចុះទៅទីនោះម្តងទៀតដើម្បីរុះរើបង្ក្រាប និងផ្សព្វផ្សាយច្បាប់ស្តីពីជលផលពាក់ព័ន្ធនឹងតំបន់អភិរក្សនេះ ឲ្យប្រជានេសាទយល់ជ្រាបឲ្យកាន់តែច្រើន និងចូលរួមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីចុះបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា៕

photo_2016-08-07_21-19-13photo_2016-08-07_21-19-17photo_2016-08-07_21-19-20photo_2016-08-07_21-19-24

មតិយោបល់