ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(មានវីដេអូ) នគរបាលអន្តោប្រវេសន៍បណ្តេញជនបរទេសចេញពីកម្ពុជាជាង ១មឺុននាក់

ភ្នំពេញៈ ចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានបណ្តេញជនបរទេសចេញពីប្រទេសចំនួន ១០.៧៨៧នាក់ ក្នុងនោះមានស្រីចំនួន ១.៧០៤នាក់ មាន ៦៨សញ្ជាតិ និងជនជាតិវៀតណាមមានចំនួន ៩.២១៧នាក់, ស្រី ១.៥៥៤នាក់។

ពាក់ព័ន្ធនឹងការបណ្តេញចេញនេះដែរ បើប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃអាទិត្យនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិនចំនួន ២១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការបើកល្បែងខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ Post News នៅមុននេះបន្តិចថា នៅក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីយប់នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ២១នាក់ ស្រីចំនួន ០៤នាក់ ។ដែលពួកគេទាំងអស់ នេះត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅបុរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសៈ បើកល្បែងអនឡាញ Game online ដោយខុសច្បាប់។

សូមជំរាបផងដែរថា បើតាមស្ថិតិរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែល Post News ទើបទទួលបាននៅយប់ថ្ងៃទី០៧សីហានេះបានឲ្យដឹងថា នៅឆ្នាំ២០១៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចំនួន១.៣០៧នាក់ ស្រី ២៧៧នាក់ មាន ២៤សញ្ជាតិ ជនជាតិវៀតណាម ១.០៥៩នាក់ចេញពីកម្ពុជា។

នៅឆ្នាំ២០១៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចំនួន ៦.៩៧៨នាក់ ចេញពីប្រទេសកម្ពុជា ក្នុងនោះមានស្រី ៩១៨នាក់, មាន ៤៩សញ្ជាតិ និងមានជនជាតិវៀតណាម ៦.២៦៥នាក់, ស្រី ៨៦៤នាក់។

ចំណែកនៅឆ្នាំ២០១៦នេះ កម្ពុជាបណ្តេញចេញចំនួន ២.៥០២នាក់, ស្រី ៥០៩នាក់ មាន ៣៥សញ្ញាតិ, ជនជាតិវៀតណាម ១.៨៩៣នាក់, ស្រី ៤៤៥នាក់។

ដូច្នេះសរុបការបណ្តេញចេញចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍រយៈពេល ៣ឆ្នាំ គិតពីឆ្នាំ២០១៤មកដល់បច្ចុប្បន្ន កម្ពុជាបណ្តេញជនបរទេសចេញពីប្រទេសចំនួន ១០.៧៨៧នាក់ ក្នុងនោះមានស្រីចំនួន ១.៧០៤នាក់ មាន ៦៨សញ្ជាតិ និងជនជាតិវៀតណាមមានចំនួន ៩.២១៧នាក់, ស្រី ១.៥៥៤នាក់៕

https://youtu.be/w2vpE_nP5gk

photo_2016-08-07_21-03-55

photo_2016-08-07_21-03-58

photo_2016-08-07_21-04-03

មតិយោបល់