ភ្នំពេញៈ បុរសម្នាក់ បានដាច់ខ្យល់ស្លាប់ នៅលើរថយន្តតាក់ស៊ី ខណៈដែលជិះចេញពីខេត្តព្រៃវែងជាមួយក្រុមគ្រួសារ ធ្វើដំណើរមកព្យាបាលជំងឺនៅភ្នំពេញ។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ និង ០៥នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ទល់មុខនិងវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហួត សុត ភេទប្រុស អាយុ ២៩ មុខរបរកសិករ ស្នាក់នៅភូមិឥដ្ឋ ឃុំបន្ទាយស្រុក ស្រុកពាមជ ខេត្តព្រៃវែង។
តាមប្រភពពីឪពុកសព បានឲ្យដឹងថា កូនប្រុសគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយពោះរបស់គាត់ហើមធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ គ្មានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យទេ គឺសម្រាកព្យាបាលនៅផ្ទះ រកគ្រូខ្មែរ និងគ្រូពេទ្យនៅស្រុកព្យាបាល តាមលទ្ធភាព។
ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ទើបពួកគាត់ជាឪពុកម្ដាយ បានសម្រេចចិត្តបញ្ជូនកូនប្រុស ទៅព្យាបាលនៅភ្នំពេញ តាមរថយន្តតាក់ស៊ី បំណងទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលពេល ធ្វើដំណើរមកដល់សង្កាតបឹងកក់២ កូនប្រុសរបស់គាត់ បានដាច់ខ្យល់ស្លាប់តែម្ដង ទើបម្ចាស់រថយន្តតាក់ស៊ី បានទម្លាក់សពចុះពីរថយន្ត ហើយបើកចេញទៅបាត់ស្រមោល។
ពេលនោះគាត់ជាឪពុកម្ដាយ ដោយសារគ្មានលុយជួលរថយន្តដឹកសពត្រទ្បប់ទៅស្រុកវិញ ក៏បានបីសពកូន ដើររកវត្តនៅជិតនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ និងឧបត្ថម្ភប្រាក់តិចតួចដល់ពួកគាត់ ជាចុងក្រោយក៏មានតំណាងលោកអភិបាលខណ្ឌទួលគោក បានមកជួយសម្របសម្រួលបន្ថែម គឺជួលរថយន្តដឹកសព និងឧបត្ថម្ភថវិកាខ្លះ ដើម្បីដឹកសពទៅស្រុកកំណើត បានយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់