ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ហែក របងលួសសំណាញ់-គាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិ) ស្ថិតនៅផ្ទះគ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ។
មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទុយ សុខជឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯជនសង្ស័យឈ្មោះ សុន សុភ័ណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះចាក់សោទ្វារផ្ទះ រួចចេញទៅដើរលេង នៅភ្នំឧដុង្គ ។ រហូតដល់ម៉ោង១៧ និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះត្រឡប់មកវិញ ឃើញមានស្នាមហែករបងសំណាញ់គាស់សោទ្វារផ្ទះខាងក្រោយចូលក្នុងបន្ទប់គេង លួចលុយ៤២០០ដុល្លារ, លុយខ្មែរ ២លានរៀល, ខ្សែកប្លាទីន១ខ្សែ, ចិញ្ចៀនប្លាទីន១វង់ និងក្រវិលប្លាទីន ១គូ ។
ក្រោយពីផ្អែកតាមសាក្សី ត្រូវជាប្អូនប្រុសបង្កើតជនសង្សយ័ឈ្មោះ សុន សុភណ្ឌ័ បានបំភ្លឺថា ឃើញឈ្មោះ សុន សុភ័ណ្ឌ, ឈ្មោះ ព្រឿង វ៉ាន់ និងឈ្មោះ គម ជិះទូកឈើមកឈប់ចំហៀងផ្ទះជនរងគ្រោះ រួចនាំគ្នាធ្វើសកម្មភាពទាញរបងលួសសំណាញ់ឲ្យរបើក ហើយផ្លោះចូល ក្នុងបរិវេណផ្ទះជនរងគ្រោះខាងលើ ។ លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ម៉ោង២៣ និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុន សុភ័ណ្ឌ នៅចំណុចភូមិព្រែកធំ១ បញ្ជូនមកប៉ុស្តិ៍ក្បាលកោះធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់