បាត់ដំបងៈ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់យ៉ាងអាណោចអធ័ម នៅលើកំណាត់ផ្លូវលេខ៥៧B ខណៈបើកបរម៉ូតូក្នុងល្បឿនលឿន ហើយមានគោយន្តកន្ត្រៃ១គ្រឿង បត់កាត់ទទឹងផ្លូវនៅពីមុខ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកស្លាប់ភ្លាមៗទាំង២នាក់ ។
ជនរងគ្រោះឈ្មោះសា រឿត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ,អ្នករួមដំណើរជាមួយឈ្មោះ ខន ស្រីពេជ្រ អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយគោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលបើកបរដោយឈ្មោះ យ៉ាម រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយម្ចាស់គោយន្តជាអ្នកដើរទិញស្រូវនៅតាមភូមិ លុះពេលបើកបរមកដល់ចំណុចកើតហេតុ គោយន្តបត់ឆ្វេងឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូស្គុបពី ពណ៌ខ្មៅ១គ្រឿងទៀត បានបើកបរយ៉ាងលឿន មកពីក្រោយបុកគោយន្ត ដែលម្ចាស់គោយន្តបានលើកដៃជាសញ្ញានិងស្រែកផង អ្នកបើកបរម៉ូតូបុកពេញទំហឹងបណ្តាលឲ្យស្លាប់ទាំង២នាក់។ ចំណែកអ្នកបើកបរគោយន្តបានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ វត្ថុតាងទាំង២គ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបវេលជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សាកសពជនរងគ្រោះទាំងពីរនាក់ បានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់