ភ្នំពេញៈ នារីជាកម្មការនីរោងចក្រម្នាក់ ស្លាប់ដោយផ្លែកាំបិតចុងស្រួច របស់បុរសម្នាក់ ព្រោះតែខឹងចូលស្តីដណ្តឹងនាងមិនបាន រហូតឈានដល់ឃាចាក់សម្លាប់ រួចជនសង្ស័យរត់ទៅធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនតាមក្រោយ ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្បែររោងចក្រ ក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ ដោយជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរួច ក៏ជិះម៉ូតូរត់គេចទៅចងកសម្លាប់ខ្លួននៅដើមអង្កាញ់ ក្នុងបរិវេណវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃដដែល។
ជនរងគ្រោះខាងស្រីឈ្មោះ យឺន ស្រីនី អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ BDB មានទីលំនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល ។ ចំណែកជនដៃឆៅខាងប្រុស មានឈ្មោះ ឆន លឹមតិច អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្នែកខាងគ្រឿងអេឡិចត្រូនិច មានទីលំនៅ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកនារីរងគ្រោះ និងជនដៃដល់ ធ្លាប់រៀនជាមួយគ្នា ធ្លាប់ស្រឡាញ់គ្នាម្តងហើយ តែបានចែកផ្លូវគ្នាវិញ បច្ចុប្បន្នអ្នកទាំងពីរ ធ្វើការងារ រោងចក្រផ្សេងគ្នា។
តាមប្រភពអ្នកធ្លាប់ស្គាល់ជនដៃដល់ ត្រូវជាមិត្តភក្ដិធ្វើការជាមួយគ្នា ប្រាប់ឲ្យដឹងថា ជនដៃដល់មានស្រី និងសង្សារច្រើន តែមួយរយៈចុងក្រោយនេះ ជនដៃដល់មកសុំស្រឡាញ់ នារីរងគ្រោះ រហូតដល់ជនដៃដល់ ប្រាប់ឲ្យក្រុមគ្រួសារ ចូលស្តីដណ្តឹងនាង កាលពី៣ថ្ងៃ មុនកើតហេតុ តែនាងនិងក្រុមគ្រួសារ មិនពេញចិត្ត ព្រោះតែជនដៃដល់ មានស្រីច្រើនពេក មិនអាចទទួលយកជាគូអនាគតបានឡើយ ។
ប្រភពបន្តទៀតថា ក្រោយពីចូលស្តីដណ្តឹងខាងស្រីគេមិនឲ្យ តូចចិត្តខឹង បែកគំនិតគុំគួនសងសឹក រហូតមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨នេះ ជនសង្ស័យជិះម៉ូតូតាម គ្រាដែលនារីរងគ្រោះ កំពុងជិះម៉ូតូZOOMER ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1 DP-0547 ទៅធ្វើការរោងចក្រ ប្រើប្រាស់កាំបិតចុងស្រួចចាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែកជនដៃដល់ ជិះម៉ូតូ ហុងដាឌ្រីម សេរី២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BN-9027 រត់គេចចូលទៅចងកសម្លាប់ខ្លួន នៅលើដើមអង្កាញ់ ក្នុងបរិវេណវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយប្រើប្រាស់ក្រមាចងភ្ជាប់នឹងដើមឈើ។
ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោលសល្យវិច័យ ឃើញថាពិតជាករណីឃាតកម្ម រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯសពជនដៃដល់ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យរួចហើយ រង់ចាំប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់