ភ្នំពេញៈ កាលពីវេលាម៉ោង៨ និង ១៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់ ត្រូវជនសង្ស័យ ឆក់កាបូបបានសម្រេច នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រៀម សុខុន អាយុ៤០ឆ្នាំ ភេទស្រី មុខរបបលក់កាហ្វេ នៅក្បែរស្តុបអ៊ីនធើខន ជាប់ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់ រួមមាន ៖ កាបូប១ ក្នុងនោះមានលុយជាង ២០ម៉ឺនរៀល ទូរស័ព្ទ១គ្រឿង កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងសៀវភៅ សន្សំលុយផងដែរ។
ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ដំបូងទ្បើយ គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាក wave rs ពាក់ផ្លាកលេខ ភ្នំពេញ 1CI-1357 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ បំណងត្រឡប់ទៅផ្ទះវិញ នៅស្ទឹងមានជ័យ។ លុះជិះម៉ូតូបានពាក់កណ្ដាលផ្លូវ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូតែម្នាក់ឯង តាមមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេច ហើយជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ រួចនាំស្ត្រីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីដាក់ពាក្យបណ្ដឹង និងសួរនាំកំណាត់អត្តសញ្ញាណជនសង្ស័យ ធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់