ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ នារីកម្មករ Minebea Mitsumi ម្នាក់ត្រូវអតីតសង្សារចាក់សម្លាប់ ក្រោយបែកគ្នាជាងកន្លះឆ្នាំ សុំត្រូវក៏មិនព្រម ចូលស្ដីដណ្ដឹងក៏មិនយក

ភ្នំពេញៈ នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៨ សីហា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នារីកម្មកររោងចក្រ Minebea Mitsumi ម្នាក់ត្រូវបានអតីតសង្សារ តាមចាក់សម្លាប់នឹងកាបិតចុងស្រួច ខណៈជិះម៉ូតូទៅធ្វើការ បន្ទាប់មកជនដៃដល់បានជិះម៉ូតូរត់ទៅ ចង.កសម្លាប់ខ្លួននៅក្នុងវត្ត ស្ងួនពេជ្រ បញ្ចប់សាច់រឿងមិនឲ្យសមត្ថកិច្ចពិបាកតាមដានស្រាវជ្រាវ។

នារីរងគ្រោះឈ្មោះ យឺន ស្រីនី អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ Minebea Mitsumi ផលិតបរិក្ខារអគ្គិសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនដៃដល់ឈ្មោះ ឈន លឹម តិច អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ដំណើររឿង៖ យោងតាមសម្តីរបស់ម្តាយជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យអាចជាអតីតសង្សាររបស់ជនរងគ្រោះ ព្រោះកាលពីម្សិលម្ង៉ៃ ជនសង្ស័យនោះ បានទៅសុំគាត់ ចូលស្តីដណ្តឹងនាងតែគាត់មិនព្រមឲ្យ ព្រោះកូនស្រីគាត់បានប្រាប់ថា មិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំង ពីរធ្លាប់ស្រលាញ់គ្នា កាលពីនៅរៀនវិទ្យាល័យក៏ដោយហើយពួកគេទាំង ២នាក់ បានផ្តាច់ការទាក់ទងគ្នាកាលពីជាងកន្លះឆ្នាំមកម្ល៉េះ ព្រោះជនសង្ស័យបាន លួចទាក់ទងស្រីផ្សេង ធ្វើឲ្យនាងឈឺចិត្ត មិនអាចយកធ្វើជាគូអនាគតបាន។

ប្រភពបានបន្តថា កាលពីយប់មិញនេះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ជនដៃដល់បានឆាតទៅកូនស្រីគាត់និយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់នៅតែប្រកែកមិនទទួលយកដដែល ហើយក៏មានការឈ្លោះប្រកែកតាមឆាតផងដែរ ។
ស្រាប់តែព្រឹកឡើងមានគេទៅប្រាប់ថា កូនស្រីរបស់គាត់ត្រូវគេ ចាក់សម្លាប់ស្លាប់បាត់ទៅហើយ។

បើយោងតាមប្រភពពីសន្តិសុខ ប្រាប់ភិនភាគជនសង្ស័យ ទៅសមត្ថកិច្ច ស្រដៀងចូលទៅនឹងភិនភាគដែលម្តាយនារីរងគ្រោះប្រាប់ គឺអាចនឹងជាអតីតសង្សារចាស់របស់នារីរងគ្រោះ។ សូមបញ្ជាក់ផងដែរថា ក្រោយមកជនដៃដល់ បានជិះម៉ូតូទៅចងក សម្លាប់ខ្លួនក្នុងវត្តស្ងួនពេជ្រ ព្រោះនៅនឹងដៃ ខ្លួនជនដែលចងក នោះប្រលាក់សុទ្ធឈាម។

ករណីនេះក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធ បានចុះហ៊ុមព័ន្ធកន្លែងកើតហេតុ ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់