ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គម ករណីហូបពងស្ងោរ ការពារពីជំងឺកូរ៉ូណា (covid-19) យកមកអប់រំ

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅនាយកដ្ឋានជំនាញនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ដុស សុខឡី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មុខរបរ លក់ខោអាវ ករណីបង្ហោះសារវីដេអូ តាមបណ្ដាញសង្គម និងកម្មវិធី Tik Tok ករណីបំផុសឲ្យហូបពងស្ងោរការពារជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ស្រ្តីរូបនេះបានប្រើគណនីឈ្មោះ សុខ ឡី បង្ហោះពត៌មានមិនពិតដែលមានខ្លឹមសារថា“នៅស្រុកខ្ញុំមានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថាក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើលទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។ ធម្មតាកូនង៉ា ១ខួប ទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃចេះនិយាយ អ្នកទាំងអស់គ្នា គួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល” ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានបញ្ជាក់ថា រឿងនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានគេយកវីដេអូនេះទៅផ្សព្វផ្សាយបន្ត រហូតដល់មានអ្នក មើល៦៤៧,១០០នាក់ ក្នុង TikTok ហើយ video ត្រូវបានគេយកមកបង្ហោះបន្តក្នុង Facebook និងមានអ្នកចូលមើលដល់ ២១,០១៧នាក់។ សរុប ៦៦៨,១១៧នាក់បានមើលឃ្លីបវីដេអូនេះ។ វីដេអូ និងខ្លឹមសារនេះបានអោយធ្វើអោយប្រជាពលរដ្ឋមានការ ជ្រុលច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុស ហើយសមត្ថកិច្ចក៏បានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ ៕

 

មតិយោបល់