ព័ត៌មានជាតិ

រថយន្ត១គ្រឿង ដឹកអីវ៉ាន់ទៅឃុំអូរសោម ស្រាប់តែដាច់ផ្លូវ ធ្លាក់ចូលទឹក សំណាងហើយ ពុំមានមនុស្សរងរបួស

ពោធិ៍សាត់ៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានឆេះ ចេញពីចំណុចអូរក្របីងាប់ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយប្រហែល ២គីឡូម៉ែត្រមកអូរសោម មានករណីដាច់ផ្លូវ មិនអាចធ្វើដំណើរបានទេ។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។

មូលហេតុ៖ ភ្លៀងញឹកញាប់ បណ្ដាលឲ្យមានទឹកហូរច្រោះផ្លូវ ធ្វើឲ្យខូចខាតដាច់ផ្លូវតែម្ដង។

សូមបញ្ជាក់៖ ករណីខាងលើនេះ ប្រជាពលរដ្ឋ ក្នុងឃុំអូរសោម សូមសំណូមពរទៅក្រុមហ៊ុន ដែលកំពុងស្ថាបនាផ្លូវ ចេញពីទីរួមស្រុកវាលវែង ទៅកាន់ឃុំអូរសោម មេត្តាពន្លឿនធ្វើផ្លូវនេះផង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ក៏ដូចជាដឹកផលដំណាំ យកទៅលក់នៅលើទីផ្សារ ខណៈរាល់ថ្ងៃនេះ ក៏មានផ្លូវចេញចូលពីទីរួមខេត្តកោះកុង ទៅអូរសោមរាងស្រួលបន្តិចដែរ តែដោយសារពេលនេះ ជារដូវភ្លៀងធ្លាក់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។

អាស្រ័យហេតុដូចនេះ ពួកគាត់ឲ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុក និងជួយជំរុញដល់ការធ្វើផ្លូវនេះផង ព្រោះនៅឃុំអូរសោម ក៏ជាតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ៕

មតិយោបល់