ភ្នំពេញ: បុរសរួមដំណើរនិងនារីវ័យក្នេងស្រស់ស្អាតចំនួន៤នាក់ទៀត បើករថយន្តកាមរីមួយគ្រឿង ចេញពីក្រុងភ្នំពេញ បំណងទៅលេងរមណីយដ្ឋានសមុទ្ររាមក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ បុកម៉ូតូប៉ើងជិត១០០ម៉ែត្រ បណ្តាលបុរសម្នាក់បោកផ្ទប់នឹងកញ្ចក់រថយន្ត មុខក្រោយបាក់ជើងបែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ទុំ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើជាម៉ាស៊ីនត្រជាក់ ស្នាក់នៅម្ដុំសឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅផ្លូវ៥១ ជិតនឹងផ្សារក្រាំងចែក ក្នុងខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីនារីម្នាក់ ដែលរួមដំណើរនៅក្នុងរថយន្ត បានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគេមានគ្នា៥ នាក់ស្រីបួនប្រុស១ ដោយបើករថយន្តមួយគ្រឿង ម៉ាក កាមរី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BF-1415 ចេញពីក្រុងភ្នំពេញ បំណងទៅលេងរមណីយដ្ឋាន នៅឯសមុទ្ររាមក្រុងព្រះសីហនុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បុរសជាតៃកុងបានបើករថយន្តវ៉ានិងរថយន្តកុងតឺន័រមួយគ្រឿងទៀត បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក zoomer-x ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1FU-5205 ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើត ពេញទំហឹង បណ្ដាលប៉ើងម៉ូតូជិត១០០ ម៉ែត្រចំណែកជនរងគ្រោះបោកផ្ទប់ នឹងកញ្ចក់រថយន្តផ្នែកខាងមុខ និងខាងក្រោយធ្លាក់មកបោកនិងថ្នល់បន្តទៀត បាក់ជើងបាក់ដៃបែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នា ឃាត់តែកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ច នាំខ្លួនយកមកមុស្តិ៍ ទុកប្រគល់ជូនជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះបានធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់