ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ងត៍បុករះ បណ្តាលឲ្យរបួស២នាក់ ខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់មួយគ្រឿងដឹកស៊ីម៉ងត៍ធ្ងន់ បើកបោះពួយល្បឿនលឿន ជ្រុលទៅបុករថយន្តឡង់រ៉ូវើ កំពុងឆ្លងផ្លូវ បន្តទៅបុកម៉ូតូកង់បី និងជ្រុលទៅបុកម៉ូតូ២គ្រឿងផ្សេងទៀត បណ្តាលឲ្យរងរបួស២នាក់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3C-5408 ដឹកស៊ីម៉ងត៍ បើកពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចខាងលើ ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីចំហៀងរថយន្ត RANGE ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2V-5585 កំពុងបើកឆ្លងផ្លូវហាណូយពីកើតទៅលិច ហើយរថយន្តបង្កបន្តគេចជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HE-9133 កំពុងបើកពីត្បូងទៅជើងស្របទិស និងបន្តកៀរម៉ូតូ២គ្រឿងទៀត ម៉ាកវីវ៉ា និងហុងដាសេ១២៥ បណ្តាលឲ្យរងរបួសស្ត្រីម្នាក់ និងយុវជនម្នាក់ ។ ករណីខាងលើ បង្កឲ្យរថយន្ត RANGE ROVER រងខូចខាតបែកស្តុប បែកកញ្ចក់ផ្នែកក្រោយ ចំហៀងខាងឆ្វេង ម៉ូតូកង់បីក្រពឹតផ្នែកខាងឆ្វេង ម៉ូតូ២គ្រឿងខូចខាត ហើយម្ចាស់សុំយករួចខ្លួន និងទៅពេទ្យខ្លួនឯង ។

ក្រោយកើតហេតុ សល់តែរថយន្តបង្ក និងរថយន្តរងគ្រោះ ម៉ូតូកង់បី និយាយមិនចុះសម្រុងគ្នា សមត្ថកិច្ចប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែង ដើម្បីយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់