ភ្នំពេញៈ កូនភ្លោះ៣នាក់ ប្រសូត្រក្នុងគ្រួសារក្រីក្រកំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលត្រូវជាចៅៗរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បុរសធម៌ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមានទឹកប្រាក់៤លានរៀល អង្ករ២០០គីឡូក្រាម ទឹកដោះគោ០២កេះ សារុង២ និងក្រម៉ា២ផងដែរ។
លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញនាំយកអំណោយដ៏សប្បុរធម៌ទាំងអស់នេះ ទៅចែកជូនផ្ទាល់ដៃដល់គ្រួសារកូនភ្លោះ កំពុងសម្រាកថែទាំសុខភាព នៅមន្ទីពេទ្យកាលម៉ែត្រ កាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៦ បន្ទាប់ពីកូនភ្លោះទាំងបីនាក់នេះ ប្រសូត្រដោយធ្វើការវះកាត់ កាលពីវេលាម៉ោង១២ និង០១នាទី រសៀលថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែត។
លោក សេង ទៀង មានប្រសាសន៍ពាំនាំ នូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្ញើរនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។ នៅចំពោះមុខគ្រួសារប្រសូត្រទារិការនិងទារកភ្លោះបីនាក់ លោក ជំនួយការផ្ទាល់មានប្រសាសន៍ឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ ចំនួន២៩៩គ្រួសារហើយ ដែលបានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរ៉ុងដល់ការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកឬទារិកាភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលឆ្លងទន្លេរួច។
លោកបាន បានបន្តថា ចំនួនគ្រួសារភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។ ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្វែងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រកូនភ្លោះបីឬបួននាក់។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ លោកជំនួយការផ្ទាល់បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើយ៉ាងណាទទួលថវិកានិងសម្ភារៈទាំងអស់នេះ ទៅចិញ្ចឹមបុត្រធីតារបស់ខ្លួនឲ្យបានត្រឹមត្រូវ ពិសេសផ្តល់របបអាហារូបត្ថម្ភដល់ទារក ទារិកា របស់ខ្លួនឲ្យបានគ្រប់គ្រាន់ធ្វើយ៉ាងណាឲ្យកូនទាំងបីនាក់នេះ មានកាយសម្បទារមាំមួន មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីក្លាយជាពលរដ្ឋប្រកបដោយថាមពល ក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត ។
ស្រ្តីជាម្តាយកូនភ្លោះ៣នាក់នោះឈ្មោះ ហួរ សៀងហៃ អាយុ២០ឆ្នាំមុខរបរលក់ដូរបន្តិចបន្តួច និងឪពុកឈ្មោះ ឆេង រិទ្ធី អាយុ៣៥ឆ្នាំ មានមុខរបរជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ ពួកគាត់ទាំង០២នាក់ប្តីប្រពន្ធមានស្រុកកំណើតនៅភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
ឪពុកកូនភ្លោះបីនាក់នោះបានឲ្យដឹងថាកូនភ្លោះរបស់គាត់បីនាក់នេះ ទី១និងទី២កូនស្រីនិងកូនប្រុសបងមានទម្ងន់១គីឡូ៧ខាំ និងកូនស្រីទី៣មានទម្ងន់១គីឡូកន្លះ។
ជាមួយគ្នានោះដែរឪពុកនិងម្តាយកូនភ្លោះបីនាក់នោះបានថ្លែងអំណរគុណរកអ្វីព្រៀបផ្ទឹមមិនបានដែលសម្តេចហ៊ុន សែននិងសម្តេចកិត្តិព្រឹត្តបណ្ឌិតបាននាំអំណោយសប្បុរសផ្ទាល់ខ្លួនមកប្រគល់ជូនដល់ដៃពួកគាត់ក្នុងការចិញ្ចឹមបីបាច់កូននេះសូមជូនពរឲ្យសម្តេចនិងសម្តេចកិត្តិព្រឹត្តបណ្ឌិតមានសុខភាពមាំមួនដើម្បីដឹកនាំប្រទេសជាតិ តទៅទៀត ៕
មតិយោបល់