ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាចរចណ៍មួយដែលបណ្តាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ ជ្រុលបុករថយន្តដែលបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខច្រកចូលសាលាពេទ្យ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AZ 8574 ធ្វើដំណើរតាមបណ្តោយផ្លួវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ទាញចង្កូតបត់ឆ្វេងបំណងទៅក្រោយវិញ ដោយមិនបានបើកភ្លើងស៊ីញ៉ូ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក បីត ពណ៌ខៀវ លាយស ពាក់ផ្លាកលេខភ្នំពេញ 1GS 9384 ធ្វើដំណើរស្របគ្នា មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីចំហៀងដួលចូលក្រោមរថយន្តរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្ត និងបងប្អូនជនរងគ្រោះដោយភាគី ខាងរថយន្តចេញថ្លៃជួសជុល និងថ្លៃព្យាបាលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់