ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងយប់ ករណីផ្ទុះអាវុធ៤គ្រាប់ នៅមុខហាងស៊ីកនេតឈ័រ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: ជនល្មើស២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីនិច មិនដឹងថាមានរឿងអីនោះទេ បានជាដកកាំភ្លើងរួចបាញ់ឡើងលើចំនួន៤គ្រាប់ បណ្តាលឲ្យផ្អើលពេញផ្លូវ រកឃើញសំបកគ្រាប់តែ៣គ្រាប់តែប៉ុណ្ណោះ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៨៧ កែងផ្លូវ៥២៨ នៅចំណុចស៊ីកនេតឈ័រ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសដែលជាខ្មាន់កាំភ្លើង ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីនិច បើកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជនល្មើសដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ឡើងទៅលើចំនួន៤គ្រាប់ រួចហើយជិះរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែមានសាក្សីដែលជាអ្នកម៉ូតូកង់បី គាត់ឃើញថានៅក្នុងហាងស៊ីកនេតឈ័រខាងលើ មានគេឈ្លោះប្រកែកគ្នា ហើយដកកាំភ្លើងមួយសាររួចមកហើយទើបតែឥឡូវមកដល់ម៉ោងកើតហេតុខាងលើ ក៏កើតជាករណីផ្ទុះអាវុធចំនួន៤គ្រាប់តែម្តង ហើយសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងតែធ្វើការស្រាវជ្រាវជុំវិញករណីដែលផ្ទុះអាវុធចំនួន៤គ្រាប់ នឹងបន្តតាមចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមនិតិវិធីផ្លូវច្បាប់ ។

ក្រោយពេលកើតហេតុខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍បឹងកក់១បានរើសយកសំបកគ្រាប់ចំនួន៣គ្រាប់យកទៅរក្សាទុក ដើម្បីធ្វើការកំណត់មុខសញ្ញាចាប់ជនសង្ស័យ ៕

មតិយោបល់