ព័ត៌មានជាតិ

ផឹកស៊ីស្រវឹងបើកបរម៉ូតូដួលបោកទៅលើថ្នល់ធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាមៗ

ពោធិ៍សាត់: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង៦និង៥៨នាទី មានបុរសម្នាក់ផឹកស៊ីស្រវឹងបើកបរម៉ូតូដួលបោកទៅលើថ្នល់ខ្លួនឯងធ្លាក់ចូលទឹកប្រឡាយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង តាមបណ្តោយផ្លូវក្រាលកៅស៊ូ១ខ្សែ ត្រង់ចំណុចស្ពានប្រឡាយ ខាងកើតភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ឈ្មោះ ចម្រើន រ៉េន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានជិះម៉ូតូម៉ាកហុងដាដ្រីមc១២៥ពណ៍ខ្មៅសេរីឆ្នាំ៩៩ស្លាកលេខ
កំពង់ចាម 1N 3596 មកដល់ចំណុចខាងលើ បានដួលបោកទៅលើថ្នល់ធ្លាក់ចូលទៅក្នុងទឹកបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ទោ ហែម មុនី អធិការនគរបាលស្រុកតាលោសែនជ័យបានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចនគរបាលចុះពិនិត្យដល់កន្លែងកើតហេតុនិងបានធ្វើការសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់នេះគឺបណ្តាលមកពីកត្តាល្បឿន,ស្រវឹង និងបើកបរពុំមានពាក់មួកសុវត្ថិភាព។ សមត្ថកិច្ចបានប្រគល់សាកសពនិងម៉ូតូឲ្យទៅក្រុមគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់