ព័ត៌មានជាតិ

សារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទ ក្នុងពពុះសណ្តែក ទឹកក្រូចកំប៉ុង មីកញ្ចប់ ត្រូវមន្ត្រីជំនាញរកឃើញ

រតនគិរីៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CFF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅផ្សារបានលុង ផ្សារទំនេីប ដេប៉ូចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងខេត្តរតនគិរី។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន រួមមាន គ្រឿងសមុទ្រដូចជា មឹក បង្គា និងពពុះសណ្តែក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លេីផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផល មានផ្ទុកនៅសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ ដូចជា៖
– ពពុះសណ្តែក ចំនួន ៨គីឡូក្រាម
– ទឹកក្រូចកំប៉ុង ចំនួន ១៥កំប៉ុង ស្មើនឹង ៤.៩៥គីឡូក្រាម
– មីកញ្ចប់ចំនួន ៨៧០កញ្ចប់ ស្មើនឹង ៥២.២គីឡូក្រាម
– សាប៊ូដុំ ចំនួន ២៧៣ដុំ ស្មើនឹង ២១គីឡូក្រាម។
សរុប និងទំនិញដកហូតបានសរុបចំនួន ៨៦.១៥ គីឡូក្រាម។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការកម្ទេចចោល។ ចំពោះម្សៅទឹកដោះគោមន្រ្តីជំនាញសង្កេតឃើញភាគច្រើនបានបិតព័ត៌មានបន្ថែមជាភាសាខ្មែរសំបកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់