កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នៅ ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនរួមមាន ៖ ១.ឈ្មោះ រិន សុខឃិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ២.ឈ្មោះ ឃី ភាព ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទាំង២នាក់មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក ៖ គ្មាន
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះ កំពុងរៀបចំស្រាបៀរ និងម្ហូបក្លែមឲ្យបងប្អូនហូបនៅផ្ទះរបស់ខ្លួន ខណៈនោះជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកឈប់ស្រែកទ្បូទ្បានៅមុខផ្ទះរបស់ជនរងគ្រោះ ហើយម្តាយរបស់ជនរងគ្រោះបានចេញមកសួរ តែត្រូវជនសង្ស័យឈ្មោះ ឃី ភាព ភេទប្រុស បានជេរប្រមាថទៅលើម្តាយរបស់ជនរងគ្រោះ ឮដូច្នេះជនរងគ្រោះបានដើរចេញមកក៏ត្រូវជនសង្ស័យឈ្មោះ រិន សុខឃិន ភេទប្រុស ជេរប្រមាថថែមទៀត ហើយបានដាល់ជនរងគ្រោះ១ដៃចំភ្នែកខាងឆ្វេង និងយកកូនពូថៅដៃកាប់ទៅលើជនរងគ្រោះបន្ថែមទៀត ចំប្រអប់ជើងខាងឆ្វេងបណ្តាលឲ្យមានរបួសនចេញឈាម ហើយជនសង្ស័យទាំង២នាក់បានទ្បើងជិះម៉ូតូគេចចេញទៅបាត់។ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់ស្វាយ ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានទៅដល់ផ្ទះជនសង្ស័យឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២បានសារភាពថា ខ្លួនពិតជាបានជេរប្រមាថនិងប្រើហិង្សាទៅលើជនរងគ្រោះប្រាកដមែន បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទាំង២នាក់មកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕


មតិយោបល់