(ម៉ានីល)៖ ហ្វីលីពីននៅថ្ងៃអង្គារ ទី២១ ខែកញ្ញានេះ បានប្រកាសពីជំហរគាំទ្រកិច្ចព្រមព្រៀងយោធាត្រីភាគី «AUKUS» រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលនឹងចែករំលែកបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅដល់អូស្ត្រាលី ខណៈបណ្ដាប្រទេសអាស៊ានដទៃបង្ហាញការព្រួយបារម្ភពីកិច្ចព្រមព្រៀង នេះ។
កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS (A-UK-US) និងការសន្យាជួយអូស្ត្រាលី ក្នុងការផលិតនាវាមុជទឹក-នុយក្លេអ៊ែរត្រូវបានគេមើលឃើញថាមានចេតនាសំដៅទៅរកចិន តែព្រមពេលជាមួយគ្នា វាក៏បង្កឱ្យមានជម្លោះការទូតមិនធ្លាប់មានរវាងអាមេរិក អង់គ្លេស និងអូស្រ្តាលីជាមួយបារាំងផងដែរ ដែលចោទថាប្រទេសទាំង៣នេះលួចចាក់ខ្លួនពី ក្រោយខ្នង បន្ទាប់ពីអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីក្រុមហ៊ុនបារាំង ដើម្បីស្រវាយកនាវាមុជទឹកដោយថាមពលនុយក្លេអ៊ែរដែលអាមេរិក និងអង់គ្លេស សន្យាជួយផលិត។
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលកាលពីសប្តាហ៍មុនបានបង្ហាញការព្រួយបារម្ភដោយក្រើនរំលឹកអូស្ត្រាលីអំពីភាពទទួលខុសត្រូវចំពោះមុខសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងខ្លាចតំបន់អាស៊ីអាគ្នេយ៍ជួបអស្ថិរភាព ដោយសារការប្រជែងគ្នាផលិត នាវាមុជទឹក-នុយក្លេអ៊ែរ។ ប៉ុន្តែប្រទេសហ្វីលីពីនឯណេះវិញបែរជាប្រកាសពីជំហរគាំទ្រ ចំពោះអ្វីដែលអាមេរិក អង់គ្លេស និងអូស្ត្រាលីបានសម្រេចចេញ។
រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងដូច្នេះថា «ការជួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកគេ (អូស្ត្រាលី) ដែលស្ថិតនៅក្បែរយើង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួននោះ គួរតែអាចស្តារ និងរក្សាតុល្យភាពឡើងវិញ ជាជាងធ្វើឱ្យមានអស្ថិរភាព»។ លោក Locsin បានបន្ថែមថានៅក្នុងករណីដែលគ្មានវត្តមាន អាវុធនុយក្លេអ៊ែរនៅទីនេះ, ការអនុវត្តកិច្ចព្រមព្រៀង AUKUS នឹងមិនរំលោភចំពោះសន្ធិសញ្ញាឆ្នាំ ១៩៩៥ ដែលចែងអំពីការរក្សាតំបន់អាស៊ីអាគ្នេយ៍ មិនឲ្យមានអាវុធនុយក្លេអ៊ែរនោះឡើយ៕
ប្រភព៖ Reuters
មតិយោបល់