ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់ នៅខេត្តបន្ទាយជ័យ

បន្ទាយមានជ័យ: យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី០៣/០៩/២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេ/ការរង អ.ហ ខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឈួន គីមហួត ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លុងលៀប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន០២កញ្ចប់ធំ ស្មើនឹងទម្ងន់២០៦៤ក្រាម (ជាងពីរគីឡូក្រាម) រថយន្ត០១គ្រឿងម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3600 និងសម្ភារ:មួយចំនួន ហើយបញ្ជូនមកបញ្ជាការ អ.ហ ខេត្តដើម្បីធ្វើការសាកសួរ។
លោកវសេនីយ៍ឯក ជា តារា បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តវិធានការញុះញង់ ឱ្យលក់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤/០៩/២០២០នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត និងលោក តេង សាម៉ៃ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ/ការ អ. ហ ខេត្ត បានអញ្ជើញចូលរួមត្រួតពិនិត្យលើវត្ថុតាងគ្រឿងញៀនដែលដកហូតបាន។ ក្នុងឱកាសផងដែរឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០០$ សហរដ្ឋអាមេរិក ជាការលើកទឹកចិត្តដល់កងកម្លាំងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់