សឹ្ទងត្រែងៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តសឹ្ទងត្រែងដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅផ្សារសាមគ្គី និងផ្ទះលក់ទំនិញ ក្នុងខេត្តស្ទឹងត្រែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួនដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។
* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផល មានផ្ទុកនៅសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ ដូចជា៖
-ពពុះសណ្តែក ចំនួន ៣គីឡូក្រាម
-នំប្រអប់ ១៣ប្រអប់ ស្មើនឹង ៤.៧ គីឡូក្រាម
-ស្ករគ្រាប់ ៨កញ្ចប់ ស្មើនឹង ១គីឡូក្រាម
-ប្រហិតចម្រុះ ៦ថង់ ស្មើនឹង ៤គីឡូក្រាម
-ភេសជ្ជះ ៨០ដប ស្មើនឹង ១២គីឡូក្រាម
-ប័រប្រអប់ ២៦ ប្រអប់ ស្មើនឹង ២១ គីឡូក្រាម
សរុប និងទំនិញដកហូតបានសរុបចំនួន សរុប ៤៥.៧ គីឡូក្រាម
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការកម្ទេចចោល។ ចំពោះម្សៅទឹកដោះគោមន្រ្តីជំនាញសង្កេតឃើញភាគច្រើនបានបិតព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់