ពោធិ៍សាត់ៈ ជនសង្ស័យជាមុខសញ្ញាចោរឆក់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបាន និងម្នាក់ទៀតកំពុងរត់គេចខ្លួនក្រោយធ្វើ សកម្មភាពឆក់ការបូបជនរងគ្រោះបានត្រឹមតែ៣ថ្ងៃ នៅត្រង់ចំណុចខាងមុខសួនច្បារមាត់ ស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ទើបឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាឆក់កាបូបបានម្នាក់ ដែលមានឈ្មោះ ខែម វណ្ណៈ ហៅមូម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកបើកម៉ូតូ។
ដោយឡែក ជនសង្ស័យជាបក្ខពួកដៃដល់ម្នាក់ទៀតឈ្មោះ ជា រក្ស ហៅទិ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកស្ដី សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កំពុងរត់គេចខ្លួន។
សូមបញ្ជាក់ថា នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលច្រមុះជ្រូក ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីជនសង្ស័យពីរនាក់ ពាក់មួកការពារសុវត្ថិភាពជិះម៉ូតូសេ១២៥ មួយគ្រឿងពណ៌ក្រហម គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ២នាក់ ជិះម៉ូតូសេ១២៥ បណ្ដាលឱ្យបាត់បង់សម្ភារៈលុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ១២ដុល្លារ អត្តសញ្ញាណប័ណ្ណ១ សន្លឹកផងដែរ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កំពុងធ្វើការសាកសួរ និងកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការ តាមនីតិវិធី។ ដោយឡែក ជនសង្ស័យម្នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអត្តសញ្ញាណ មកចាត់ការតាមផ្លូវច្បាប់ផងដែរ៕
មតិយោបល់