ព័ត៌មានជាតិ

Update៖ ឆេះកុងម៉ាក្នុងផ្ទះប្រជាពលរដ្ឋមួយខ្នង សរុបជាទឹកប្រាក់ប្រហែល ៥០០០ដុល្លារអាមេរិក នៅសង្កាត់ជ្រាវ

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កុងម៉ានៅផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបាន ឆ្លងចរន្តអគ្គិសនី ឆាបឆេះ បណ្ដាលឲ្យរងការខូចខាតសម្ភារ គិតជា ទឹកប្រាក់សរុប ៥ពាន់ដុល្លារអាមេរិក ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៤:០០នាទីព្រឹក ។

លោកឧត្តមសេនីយ៍ត្រី សំ សុជាតិ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានបញ្ជាក់ថា : មានករណី ទុស្សេខ្សែភ្លើងកន្លែងម៉ាកុង បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ សុខ ចិត្រា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីសៀងណាំ(ផ្លូវលេខ១៥) ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប បណ្ដាលឲ្យរងការ ខូចខាតសម្ភារះខូចខាតមួយចំនួនរួមមាន : គ្រឿងអលង្កា និងសម្ភារតាំងក្នុងផ្ទះជារបស់ប្រទេសជប៉ុន(ខោ-អាវ តុ ទូរ ចាន ឆ្នាំង ស្បែកជើង) សរុបជាប្រាក់ប្រហែល ៥០០០ដុល្លារអាមេរិក ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ទៀតថា : សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ទឹកចំនួន ០១ឡាន ហើយអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ០៥ និង១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ប៉ុន្តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋទេ ៕

មតិយោបល់