ត្បូងឃ្មុំៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅផ្សារសួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលើទំនិញសម្រាប់ប្រគេនព្រះសង្ឃ (ស្លាដក) រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញម្សៅទឹកដោះគោ ចំនួន ៧ ម៉ាក ពុំមានបកប្រែជាភាសាខ្មែរ និងគ្មានសរសេរអក្សរថាៈ “គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់៦ខែ និងបន្តការបំបៅដោះម្តាយរហូតដល់២ឆ្នាំ ឬលើសឡើយ”។ ទន្ទឹមនោះ មន្ត្រីជំនាញ បានធ្វើការណែនាំ និងព្រមានដោយធ្វើកំណត់ហេតុដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវនានានៅលើស្លាកសញ្ញានៃសំបកវេចខ្ចប់ ហើយពុំអនុលោមតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ៕
មតិយោបល់