ព័ត៌មានជាតិ

ស្ត្រីម្នាក់ឈឺពោះសម្រាលកូន ទាំងយប់ងងឹតតែម្នាក់ឯង នៅតាមចិញ្ចើមផ្លូវម៉ៅសេទុង

ភ្នំពេញៈ ស្ត្រីកម្សត់ម្នាក់ បានឈឺពោះសម្រាលកូនតែម្នាក់ឯង តាមចិញ្ចើមផ្លូវដោយគ្មានអ្នកណាដឹង បន្ទាប់ពីនាងបានលែងលះគ្នា ជាមួយនិងប្តីទាំងខ្លួន កំពុងតែពពោះកូនក្នុងផ្ទៃ បណ្ដាលឲ្យក្លាយទៅជាជនអនាថា គ្មានទីពឹងដេកតាមសំយាបផ្ទះគេ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១០នាទី រំលងអធ្រាត្រថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខហាងលក់ទូរសព្ទដៃ VIVO តាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខ ដែលយាមនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាគាត់បានឃើញស្ត្រីរងគ្រោះ ដែលកំពុងពពោះកូនក្នុងផ្ទៃខាងលើ បានដើរមកដេកនៅខាងមុនសំយាបហាងលក់ទូរស័ព្ទដៃ ដែលនៅចំណុចកើតហេតុចំនួនពីយប់មកហើយ ។ ដោយមានស្ពាយកាបូបមួយជាប់និងខ្លួនតែមិនឃើញមានបុរសជាប្តីឬសាច់ញាតិណាម្នាក់ មកដេកជាមួយនោះទេ ហាក់ដូចជាជនអនាថាដែលគ្មានទីពឹង ។ រហូតដល់វេលាម៉ោងកើតហេតុ គាត់ក៏បានឮសំឡេងស្ត្រីរងគ្រោះស្រែកត្អូញត្អែរ ហាក់ដូចជាឈឺពោះសម្រាលកូន ។ តែដោយនៅទីតាំងកន្លែងកើតហេតុ មានសភាពស្ងាត់ទើបមិនមានអ្នកមកជួយមើល ។ មួយស្ទុះក្រោយមកគាត់ក៏បានដើរទៅមើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានសម្រាលកូនរួចរាល់តែម្នាក់ឯង បាត់ទៅហើយដោយនៅមិនទាន់បានកាត់ទង់ផ្តិតឲ្យបានត្រឹមត្រូវនៅឡើយនោះទេ​។​ភ្លាមៗនោះគាត់ក៏បានស្រែកឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ទីតាំងកើតហេតុ ឈប់ចុះមកជួយមើល​ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកជួយធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

បើតាមសម្តីពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងយ៉ាងខ្លីថា នាងមានឈ្មោះ ចាន់ ដាវី អាយុ២៩ឆ្នាំ ។ នាងគឺជាជនអនាថាគ្មានទីពឹងនោះទេ ។ កាលពីមុននាងក៏មានប្តី និងមានកូនចំនួន២នាក់ រួចមកហើយ ប៉ុន្ដែពេលដែលនាងកំពុងតែពពោះកូនក្នុងផ្ទៃចំនួនមួយទៀត ដែលត្រូវជាកូនទី៣គ្រួសាររបស់នាងបានបែកបាក់លែងលះគ្នា ។ ហើយកូនៗទាំង២នាក់នោះបានទៅនៅជាមួយនិងប្តីរបស់នាង​ ចំណែកឯនាងក៏ធ្លាក់ខ្លួនក្លាយជាជនអនាថាដើរដេកតាមសំយាបផ្ទះគេ ទាំងកំពុងតែមានកូននៅក្នុងពោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការទំនាក់ទំនង ហៅរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឲ្យមកដឹកយកស្ត្រីរងគ្រោះទៅសង្គ្រោះភ្លាមតែម្ដង ៕

មតិយោបល់