ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះខណ្ឌដូនពេញបានចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ប្រើប្រាស់គ្រឿងញៀនហើយបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ដោយយកដាវសាំម៉ូរ៉ៃកាប់ជនរងគ្រោះស្ទើរដាច់ដៃម្ខាង។
ជនដៃដល់ឈ្មោះប៊ិន កែវបញ្ញារិទ្ធ ហៅអាម៉ល់ ភេទប្រុស អាយុ៣៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅផ្ទះលេខ៥០E2ផ្លូវលេខ១៥៤ក្រុម២៨ ភូមិ៧ សង្កាត់ជយ័ជំនះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ័យជំនះឱ្យដឹងថាជនដៃដល់ប្រើប្រាស់ថ្នាំញៀនតែងតែបង្កបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន។កន្លងមកធ្លាប់បានប្រើអំពើហិង្សាកាប់ទៅលើជនបរទេសនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន០២លើកមកហើយ។ដោយឡែកនៅថ្ងៃទី១៣ ខែកក្កដា ២០២១ វេលាម៉ោងប្រហែល៦ល្ងាចជនរងគ្រោះឈ្មោះ តាំង អៀងលី ភេទប្រុស អាយុ៣០ឆ្នាំ បានដើរចេញពីកន្លែងធ្វើការតាមផ្លូវលេខ១៧២ក្រោយវត្តឧណ្ណាលោមដើម្បីទៅរកមិត្តភក្តិ។ខណៈដើរមកដល់ចំណុចផ្លូវលេខ១៥៤មានច្រកឡើងកាំជណ្តើរទៅលើជាន់ទី២អែបជញ្ជាំងផ្ទះលេខ50E2ផ្លូវលេខ១៥៤ក្រុម២៨ ភូមិ៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនរងគ្រោះបានឈរនៅកាំជណ្តើរជាន់ទី២នៅពេលនោះជនសង្ស័យក៏បានដើរចេញពីផ្ទះសំដៅរកជនរងគ្រោះហើយឱ្យជនរងគ្រោះចុះពីជណ្តើរទៅក្រោមវិញប៉ុន្តែជនរងគ្រោះមិនព្រមចុះពេលនោះជនសង្ស័យបានដើរទៅផ្ទះយកដាវមករកជនរងគ្រោះម្តងទៀតនិងបានប្រាប់ឲ្យជនរងគ្រោះចុះក្រោមលើកទី២ប៉ុន្តែជនរងគ្រោះឌឺមិនព្រមចុះទៀតជនដៃដល់ក៏កាប់ទៅលើជនរងគ្រោះត្រូវដៃខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ហើយរត់គេចខ្លួន។
ក្រោយពីកើតហេតុនោះហើយគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទើបនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលជយ័ជំនះបានឃើញជនសង្ស័យឈរកាន់ដាវនៅចំណុចផ្លូវលេខ១៧២កែង១៩ ភូមិ៩ សង្កាត់ជយ័ជំនះ ក៏បានធ្វើការឃាត់ខ្លួនរួមជាមួយដាវយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់