ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា បើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្តាលឲ្យតៃកុងរងរបួស

ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តកូរ៉ូឡាមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះដោយមិនបានដឹងថាមានផ្លូវកោង នៅខាងមុខក៏ជ្រុលចង្កូតបើកធ្លាក់ចេញពីផ្លូវ ចូលទៅក្នុងព្រៃស្មៅក្រឡាប់ផ្ងារជើងរងការខូចខាត កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចក្បែររបងវត្តព្រះធម្មត្រ័យ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនពេលកើតគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A-6228 ។ ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់រថយន្តខាងលើបើកឆ្ពោះទៅមុខយ៉ាងលឿន រួចក៏ជ្រុលធ្លាក់ចេញពីផ្លូវ ចូលទៅក្នុងព្រៃស្មៅចម្ងាយប្រមាណ៥០ម៉ែត្រ ។ រថយន្តក៏បានបុកជាមួយនិងពំនូកបេតុង ដែលចាក់គចោល បណ្តាលឲ្យរថយន្តហោះផ្លោងក្រឡាប់ផ្ងារជើងឡើងទៅលើរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្តបានរងរបួសស្រាល ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ភ្លាមៗតែម្ដង ។

តាមសម្ដីពីអ្នកបើកបររថយន្តបានប្រាប់ថា​ ដោយសារតែគាត់បានបើកច្រឡំផ្លូវហើយមិនដឹងថាផ្លូវខាងលើមានសភាពកោងទើបបណ្តាលឲ្យគាត់ជ្រុលចង្កូតបើកធ្លាក់ចេញពីផ្លូវតែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត ក៏បានឡើងជិះម៉ូតូកង់បីទៅព្យាបាលរបួសដោយខ្លួនឯង រួចបន្ទាប់មកក៏មានសាច់ញាតិ អ្នកបើកបររថយន្តបានមកដល់ទីតាំងកន្លែងកើតហេតុ ហើយដោយរថយន្តខាងលើ មិនបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចសម្រេចឲ្យសាច់ញាតិ អ្នកបើកបររថយន្តធ្វើការស្ទូចយករថយន្តត្រឡប់ ទៅជួសជុលដោយខ្លួនឯងឡើងវិញ៕

មតិយោបល់