ព័ត៌មានជាតិ

រថយន្ត ខេមរភូមិន្ទ ដឹកគ្រឿងចក្រ បុកម៉ូតូជនពិការ បណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

ភ្នំពេញៈ បុរសពិការជើងម្ខាងម្នាក់ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តសណ្ដោង ប្រភេទរថយន្តដឹកគ្រឿងចក្រ អូសជាច្រើនម៉ែត្រ ។ ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង១និង២០នាទីយប់ រំលងអធ្រាតឈានចូល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។ ស្ថិតតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស កែងនិងផ្លូវ៦០ម៉ែត្រ ចំណុចក្បាលថ្នល់ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តសណ្ដោងសំរាប់ដឹកគ្រឿងចក្រ ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ02 3.2631 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឡើងមកផ្លូវ ព្រះមុនីវង្ស បានជ្រុលទៅបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BS 7528 ជិះដោយបុរសពីរនាក់ តាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសជនពិការជើងម្ខាង ដែលអង្គុយខាងក្រោយបែកក្បាលស្លាប់ គួរឲ្យអាណោចអធម័ និងបុរសជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តបង្កព្យាយាមបើករត់គេចបានប្រមាណជាងមួយរយម៉ែត្រ តៃកុងបានឈប់រថយន្តចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ក្រុងវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ដោយឡែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់រួចប្រគល់ឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់