ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តតាកូម៉ាមួយគ្រឿង ជ្រុលទៅបុកពីក្រោយរថយន្តឡិចស៊ីស RX330 មួយគ្រឿងហើយបែរជាព្យាយាមបើករត់គេចចេញ ដោយមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត ALPHARD មួយគ្រឿងទៀត និងបន្តទៅបុកបង្គោលភ្លើងថ្ម ដែលនៅតាមចិញ្ចើមផ្លូវបាក់អស់មួយដើម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរផ្សារក្រមួន តាមបណ្ដោយផ្លូវ១០០៧ កែងនិងផ្លូវ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុខពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BB-6180 ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបំរុងបត់ស្ដាំទៅផ្លូវ១៩៧២ ស្របពេលនោះដែរ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2B-7269 ។ ដែលបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំតាមបណ្ដោយផ្លូវ១៩៧២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ។ ហើយក៏មានរថយន្តមួយគ្រឿងទៀតម៉ាកឡុចស៊ីស RX330 ពណ៌ស មិនចាំផ្លាកលេខបានបើកដេញនិងចុចស៊ីផ្លេរ តាមពីក្រោយរថយន្តតាកូម៉ានោះ ។ ខណៈនោះរថយន្តតាកូម៉ាក៏បានជ្រុលចង្កូតទៅបុកចំពេញទំហឹង ផ្នែកខាងមុខរថយន្ត ALPHARD បណ្ដាលឲ្យរងការខូចខាតធ្លាក់កាង ។ ហើយរថយន្តតាកូម៉ា នៅមិនទាន់អស់ល្បឿន ក៏បានបន្តទៅខាងមុខ ទៅបុកផ្ទុបនិងបង្គោលភ្លើងថ្ម ដែលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់អស់មួយដើម ។ ចំណែកឯរថយន្តតាកូម៉ា បានខូចខាតផ្នែកខាងមុខ យ៉ាងដំណំ រីឯអ្នកបើកបររថយន្តបានរងរបួសស្រាល ។ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង ។
ក្រោយមកក៏មានបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តឡិចស៊ីស RX330 បើកដេញតាមពីក្រោយរថយន្តតាកូម៉ានោះ បានរៀបរាប់ប្រាប់កម្លាំងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ រថយន្តតាកូម៉ាខាងលើ បានបើកបុកពីក្រោយរថយន្តរបស់គាត់ ខណៈដែលកំពុងធ្វើដំណើរស្របទិសដៅគ្នា នៅត្រង់ចំណុចក្បែរ និងទីតាំងកើតហេតុ ។ បន្ទាប់ពីបង្កជាគ្រោះថ្នាក់ចរាចរណ៍ រួចមក រថយន្តតាកូម៉ាក៏ព្យាយាមបើករត់គេចចេញ ដោយមិនព្រមទទួលសុខត្រូវ ហើយគាត់ក៏បន្ថែមល្បឿនបើកដេញតាមពីក្រោយ ដោយមិនបានដឹងពីការខូចខាត នៃរថយន្តរបស់គាត់នោះទេ ។រហូតបើកដេញមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តតាកូម៉ាបើកជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀត រួមទាំងបង្គោលភ្លើងតែម្តង ។ ភ្លាមៗនោះរថយន្តឡុចស៊ីស RX330 រងការខូចខាតបន្តិចបន្តួច និងមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ទើបម្ចាស់រថយន្តឡើងបើករថយន្តចេញទៅបាត់ ដោយមិនទាមទារសំណងអ្វីនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង រួមទាំងនាំអ្នកបើកបររថយន្តតាកូម៉ា ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនិងចាត់ការទៅតាមនីតិវិធីច្បាប់ ជាបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់