ព័ត៌មានជាតិ

កម្លាំងនគរបាលមហាផ្ទៃ សហការនគរបាល២ខេត្ត ឃាត់ជនសង្ស័យម្នាក់ បក្ខពួកក្រុមចោរគាស់ផ្ទះលួចម៉ូតូ ប្រដាប់ដោយអាវុធ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណី និងស្នងការនគរបាលខេត្តព្រៃវែង បានបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាបក្ខពួកនៅសេសសល់របស់ក្រុមចោរគាស់ផ្ទះលួចយកម៉ូតូ១គ្រឿង និងបាញ់ទៅលើបងប្អូនជនរងគ្រោះឲ្យរងរបួស២នាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ,ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។

ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ ស្នងការខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណី និងស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ទទួលបន្ទុកព្រហ្មទ័ណ្ឌ បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ មានករណីលួចគាស់ផ្ទះយកម៉ូតូ មួយកើតទ្បើងនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q-2502 ស៊េរីឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ប៊ុត ចិត្រា ក្រោយពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបានទូរសព្ទ័ទៅបងប្អូនឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ ឲ្យជួយជិះម៉ូតូមើលតាមផ្លូវជាតិលេខ៤ ក្រែងបានជួបប្រទះ ។

ពេលនោះឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ បានប្រទះឃើញម៉ូតូដែលជនសង្ស័យបានលួច នៅចំណុចគីទ្បូម៉ែត្រលេខ៣៩ និងលេខ៤០អ្នកទាំងពីរបានយកមួកសុវត្ថិភាព វាយក្បាលជនសង្ស័យ ហើយភ្លាមនោះជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួនបន្ទាប់មកជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពដកអាវុធខ្លីបាញ់ ទៅលើជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យរងរបួស ក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មឿន ហៅ សុខ នឿន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ។

លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ រកឃើញបក្ខពួកដែលនៅសេសសល់ក្នុងករណីខាងលើហើយបានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធុល ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចរៀបចំបញ្ចូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕

មតិយោបល់