ព័ត៌មានជាតិ

រថយន្តធុនធំបុករះ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ ស្លាប់នៅកន្លែងកើតហេតុ

កំពត: នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៧និង៨នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តធុនធំមួយគ្រឿងបុរះបណ្តាលឲ្យរថយន្ត ម៉ូតូរងការខូចខាតយ៉ាងដំណំ និងស្លាប់ស្រ្តីវ័យចំណាស់ម្នាក់ នៅមុខវត្តគាថាវង្ស តាមបណ្តោយផ្លូវមុខផ្សារត្រាំសរសរ ស្រុកបន្ទាយមាស ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុ លុះបើកបរមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តនោះ បុករះ ម៉ូតូនិងរថយន្ត ។ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ បណ្តាលឲ្យខ្ទេចរថយន្តផ្នែកខាងមុខមួយគ្រឿង និងម៉ូតនៅខាងក្រោមរថយន្តកិនជាប់ អូសជាច្រើនម៉ែត្រ ស្លាប់ស្រ្តីវ័យម្នាក់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអធ័ម ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយមិនបានស្គាល់អត្តសញ្ញាណនោះឡើយ ។

ក្រោយពីទទួលដំណឹងខាងលើភា្លម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ជាបណ្តោះអាសន្ន ដើម្បីស្វែងរក ម្ចាស់រថយន្តយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកឯសាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់