ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្លាប់ប្រើប្រាស់សារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីលួចកាត់ខ្សែភ្លើង

ភ្នំពេញៈ ក្រោយពីទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជារបស់លោក ជា ពិសី បានចុះបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលលួចកាត់ខ្សែភ្លើង នៅសង្កាត់ទួលសង្កែទី២។

ដោយអនុវត្តតាមបទបញ្ជារបស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ និងផ្អែកតាមបណ្ដឹង របស់ប្រជាពលរដ្ឋ ជាជនរងគ្រោះ រួមជាមួយ ភស្តតាងតាមរយៈវីឌីអូ ក្នុងកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង១៦ និង ៣០នាទី រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យមួយរូប មានឈ្មោះ កែវ នឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងចំនួន០២ម៉ែត្រ កាលពីវេលាម៉ោង០១ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែង នៅផ្លូវបេតុង ក្រុមទី៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច បានដកហូត វត្ថុតាង របស់ជនសង្ស័យរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េភ្លើស លេខម៉ាស៊ីន០០៥៥១៦ លេខតួ (គ្មាន) ពណ៌ក្រហម គ្មានផ្លាកលេខ។
កន្រ្តៃកាត់ខ្សែភ្លើងពណ៌ក្រហមចំនួនមួយ និង ខ្សែភ្លើងស្ពាន់សករួចចំនួន០២ម៉ែត្រ ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ធ្លាប់ប្រើប្រាស់សារធាតុញៀននិងធ្លាប់ជាប់ពន្ធនាគារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីបទលួច ម្ដងរួចមកហើយ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់ ៕

មតិយោបល់