ព័ត៌មានជាតិ

ក្បាច់ថ្មី! ជិះកង់ឆក់ ទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំន: បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចជិះកង់ឆក់ទូរស័ព្ទដៃ។

ជនរងគ្រោះឈ្មោះ យឿម ឆេងអ៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ផ្នែកលក់ ស្នាក់នៅផ្ទះជួលលេខ២៥Eo ផ្លូវលេខ៤២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ហើយជនសង្ស័យ មានសារធាតុញៀនក្នុងទឹកនោម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីម្តុំវិមានឯករាជ្យ មកលេងមុខព្រះបរមរាជវាំង ដោយជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីត្បូង មកជើង មកដល់មុខព្រះបរមរាជវាំងខាងត្បូង ព្រះអង្គដង្កើរ ជនរងគ្រោះបានឈប់ម៉ូតូ ចុះឈរយកទូរស័ព្ទមកថតលេងក្បែរចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ។

 

ក៏ស្រាប់តែមានជនសង្ស័យ ជិះកង់មកពីក្រោយ ហើយអែបខាងឆ្វេងដៃជនរងគ្រោះ ដោយពេលនោះជនរងគ្រោះ កំពុងកាន់ទូរស័ព្ទដៃថតលេង ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច រួចជិះកង់គេចខ្លួន។

ពេលនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ រត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំន: ល្បាតមកដល់ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ នាំមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំន: ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកSamsung Galaxy S8 ពណ៍ស លាយពណ៍ទឹកសមុទ្រ បានប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

 

មតិយោបល់