ព័ត៌មានជាតិ

កំម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរនិងដកហូតគ្រឿងញៀនបានទម្ងន់៥៩៨,៤៨ក្រាម

ភ្នំពេញ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាដោយមានការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី លោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង ចុះប្រតិបត្តិការ បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កំម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ហើយដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ថង់ធំល្មម រថយន្ដចំនួន០១គ្រឿង និងទូរស័ព្ទដៃ០២គ្រឿង ជាបន្ដដោយអនុវត្ដតាមវិធានការជំនាញ សមត្ថកិច្ចបានទៅបន្ដឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ នៅចំណុចផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូត ម៉ូតូចំនួន០១គ្រឿង។

 

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយអនុវត្តតាមវិធានការជំនាញ លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីនគរបាលយើងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ឃាត់ខ្លួននៅចំណុចហាងកាត់សក់ ផ្ទះលេខE51 ផ្លូវបេតុង ក្រុមទី១ ភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង១៦ និង០០នាទី ដកហូតវត្ថុតាង៖ ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង។
២-ឈ្មោះ ស៊ឹម សេរី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនចិន ឃាត់ខ្លួននៅចំណុចមុខហាង ម៉ាស្សាCK ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាម៉ោង ១៧ និង៣០នាទី និងដកហូតវត្ថុតាង៖ ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦ និង១០នាទី ដោយអនុវត្តតាមវិធានការជំនាញ និងមានការសហការពីព្រះរាជអាជ្ញា និងស្នងការនគរបាលខេត្តកំពត សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ នៅចំណុចក្នុងចម្ការពោត ផ្លូវលំ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្ដ កំពត និងធ្វើការដកហូតវត្ថុតាងរួមមាន៖ ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ថង់ធំ , ២-រថយន្ដចំនួន០១ គ្រឿង
ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-7674 ជាបន្ដដោយមានកាសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្តតាកែវ និងស្នងការនគរបាលខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង៖ ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កូនកញ្ចប់ថង់, ២-ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន, ៣-វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន១០ប័ណ្ណ (ប្លង់ដី)។
ចំពោះទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដតាកែវ សម្រេចប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន។
*វត្ថុតាង សម្ភារ:ដកហូតរួមមាន ៖
១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់ធំ និង០១កញ្ចប់តូច ទម្ងន់៥៩៨,៤៨ក្រាម(ប្រាំរយកៅសិបប្រាំបីក្រាម សែសិបប្រាំបី)។
២-រថយន្ដចំនួន០១គ្រឿងម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-0499។
៣-រថយន្ដចំនួន០១គ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-7674។
៤-ម៉ូតូចំនួន០៣គ្រឿង
៥-ទូរស័ព្ទដៃចំនួន០៥គ្រឿង
៦-វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន១០ប័ណ្ណ (ប្លង់ដី)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់